កីឡាករសញ្ជាតិស៊ែប Novak Djokovic បានក្លាយជាម្ចាស់ជើងឯកការប្រកួតវាយកូនបាល់ពានរង្វាន់ US Open ឆ្នាំ២០២៣ ក្រោយយកឈ្នះគូប្រជែងកីឡាកររុស្ស៊ី Daniil Medvedev នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនាទីក្រុង New York សហរដ្ឋអាមេរិក តាមរយៈលទ្ធផល ៦-៣, ៧-៦ និង ៦-៣ ។
ជ័យជម្នះនេះ បានជួយកីឡាករវ័យ៣៦ឆ្នាំ កើនកំណត់ត្រាឈ្នះពានរង្វាន់កម្រិត Grand Slam ដាច់គេដល់ទៅ២៤លើក។ Djokovic បានក្លាយជាអ្នកឈ្នះ US Open ផ្នែកបុរសចំណាស់ជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ Open Era និងជាកីឡាករវាយកូនបាល់អាជីពដំបូងគេដែលឈ្នះ Grand Slam ចំនួន៣ ក្នុង១រដូវកាលជាលើកទី៤។ នៅឆ្នាំ២០២៣នេះ Djokovic ដណ្តើមបានពាន Australian Open, French Open និង US Open។
ការឈ្នះកីឡាកររុស្ស៊ី Medvedev ដើម្បីលើកពានធំ៣ក្នុងឆ្នាំ២០២៣ និងជា Grand Slam ទី២៤ក្នុងអាជីព បានជួយ Djokovic វិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់លេខ១ពិភពលោកសាជាថ្មី។ នេះជាការឈ្នះ US Open លើកទី៤ របស់ Djokovic តាមស្មើគូប្រជែងចាស់ Rafael Nadal។ កីឡាករអេស្ប៉ាញ Nadal វ័យ៣៧ឆ្នាំ ដែលញាំញីដោយសាររបួសកាន់កំណត់ត្រាឈ្នះ Grand Slam ២២លើក។
ជ័យជម្នះនេះដែរ បានធ្វើឱ្យ Djokovic តាមស្មើកំណត់ត្រា អតីតកីឡាការិនីវាយកូនបាល់អូស្ត្រាលី Margaret Court ដែលកាន់កំណត់ត្រា Grand Slam ចំនួន២៤លើក។ សម្រាប់កីឡាករផ្នែកបុរស ពិបាកនឹងរកអ្នកអាចតាមកំណត់ត្រារបស់ Djokovic ដ្បិត Nadal គ្រោងចូលនិវត្តន៍ទៅហើយ។
ក្នុងចំណោមកីឡាករវាយកូនបាល់ផ្នែកបុរសដែលធ្លាប់ឈ្នះ Grand Slam លើសពី១០ដង មានតែ៤រូបប៉ុណ្ណោះ ក្នុងនោះ Djokovic ២៤លើក Rafael Nadal ២២លើក Roger Federer របស់ស្វ៊ីស ២០លើក និង Pete Sampras របស់អាមេរិក ១៤លើក៕