លោក Luis Rubiales បានលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បន្ទាប់ពីមានការរិះគន់ចំពោះការថើបខ្សែប្រយុទ្ធអេស្ប៉ាញ Jenni Hermoso ក្នុងពិធីចែកមេដាយ FIFA Women’s World Cup វគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនី Hermoso អាយុ ៣៣ ឆ្នាំបាននិយាយថា ការថើបរបស់លោក Rubiales មិនមានការយល់ព្រមពីនាងទេ ហើយនាងបានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ កាលពីថ្ងៃអង្គារសប្តាហ៍មុន។
លោក Rubiales បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានដាក់លិខិតលាលែងពីតំណែង ទៅកាន់ប្រធានស្តីទី សហព័ន្ធលោក Pedro Rocha។ បន្ទាប់មកគាត់បានប្រាប់ក្នុងកម្មវិធីទូរទស្សន៍របស់លោក Piers Morgan ដែលធ្លាប់សម្ភាស Cristiano Ronaldo មុនចាកចេញពី Manchester United បែបនេះថា៖ “ខ្ញុំមិនអាចបន្តការងាររបស់ខ្ញុំបានទេ។”
សេចក្តីថ្លែងការណ៍របស់ Rubiales បានឱ្យដឹងបែបនេះថា៖ “បន្ទាប់ពីការព្យួរដែលធ្វើឡើងដោយ FIFA បូករួមទាំងដំណើរការបើកចំហរដែលចោទប្រកាន់មកលើខ្ញុំ វាជាព័ស្តុតាងបង្ហាញថាខ្ញុំនឹងមិនអាចត្រលប់ទៅកាន់តំណែងរបស់ខ្ញុំវិញបានទេ”។
បុរសវ័យ ៤៦ឆ្នាំរូបនេះ ក៏បានលាលែងពីតំណែងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ផងដែរ។
គួររំឭកថា ការថើបរបស់លោក បានបង្កឱ្យមានការទាមទារឱ្យលោកRubiales លាលែងពីតំណែង ប៉ុន្តែភ្លាមៗគាត់មិនទាន់សម្រេចចិត្តលាលែងនោះទេ។
កីឡាការិនី Hermoso បានប្ដឹងលោក Rubiales ពីបទបំពាន និងការបង្ខិតបង្ខំផ្លូវភេទ។ ទោះបីជាលោក Rubiales បានអះអាងថាការថើបនេះគឺបានយល់ព្រមគ្នាទៅវិញទៅមកក្ដី ក៏ FIFA បានសម្រេចឱ្យគាត់ផ្អាកពីការងារផងដែរ៕