ខ្សែបម្រើ Marco Verratti បានត្រៀមខ្លួនក្នុងការបំពេញការចាកចេញពីក្លិបបារាំង Paris Saint-Germain ទៅចូលរួមក្លិប Al-Arabi នៅប្រទេសកាតា។
ទោះបីជាកីឡាករអ៊ីតាលី វ័យ៣០ឆ្នាំ ទើបតែបានបន្តកុងត្រាថ្មីជាមួយ Paris Saint-Germain រហូតដល់ឆ្នាំ២០២៦ក្តី តែរូបគេនៅតែអាចចាកចេញពីក្លិបដែលមានមូលដ្ឋាននារដ្ឋធានីប្រទេសបារាំង ក្រោយពីរួមរស់រយៈពេល១១ឆ្នាំ ដោយមានការលើកឡើងថា Marco Verratti មិនបានស្ថិតនៅក្នុងគម្រោង របស់គ្រូបង្វឹកលោក Luis Enrique នោះទេ បន្ទាប់ពីការមកដល់របស់កីឡាករចំណូលថ្មីជនជាតិអ៊ុយរុយហ្កាយ Manuel Ugarte ផ្ទេរមកពីក្លិបព័រទុយហ្គាល់ Sporting CP។
សម្រាប់ការទៅចូលរួមរបស់ Marco Verratti ជាមួយ ក្លិប Al-Arabi នាពេលឆាប់ៗនេះ ក៏ត្រូវបានរាយការណ៍ថា មានតម្លៃប្រមាណ ៤៥លានអឺរ៉ូ ហើយភាគីទាំងអស់បានព្រមព្រៀងគ្នាផ្ទាល់មាត់រួចអស់ហើយ។
ចូលរួមជាមួយ Paris Saint-Germain ដោយផ្ទេរចេញពីក្លិប Pescara នៅស្រុកកំណើតកាលពីឆ្នាំ២០១២ តាំងពីវ័យ១៩ឆ្នាំមក Verratti បានក្លាយជាគ្រាប់ពេជ្យយ៉ាងសំខាន់មួយរបស់ក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីកាតា លោក Nasser Al-Khelaifi ដោយរូបគេតែងតែស្ថិតក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ក្លិបរហូតមក។
Marco Verratti បានបង្ហាញខ្លួន ចំនួន៤១៦ប្រកួត និងស៊ុតបញ្ចូលទីបាន១១គ្រាប់ផងដែរ សម្រាប់ Paris Saint-Germain ដោយបានឈ្នះពានរង្វាន់ជាង ៣០ដង ដែលក្នុងនោះរួមមានពានរង្វាន់ Ligue 1 ចំនួន ៩ដងផងដែរ៕