ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានអស់ការអត់ធ្មត់ និងបានសម្រេចចិត្ត បណ្តេញគ្រូបង្វឹករបស់ខ្លួន គឺលោក Hansi Flick ចេញពីតំណែង ក្រោយការបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិជប៉ុន ដោយលទ្ធផល ៤-១ ក្នុងជំនួបមិត្តភាព កាលពីចុងសប្តាហ៍កន្លងទៅ។
ក្រៅពីលោក Hansi Flick ហើយ ជំនួយការ២រូបបន្ថែមទៀតគឺលោក Marcus Sorg និង Danny Rohl ក៏ត្រូវបានបញ្ចប់តំណែងដូចគ្នាដែរ។
អាល្លឺម៉ង់ បានចាញ់៤ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ ខណៈដែលលោក Hansi Flick រកបានជ័យជម្នះតែ១២ប្រកួត ក្នុងចំណោម២៥ប្រកួតដែលលោកបានដឹកនាំ ចាប់តាំងពីមកកាន់តួនាទីជំនួសលោក Joachim Low កាលពីខែសីហា ឆ្នាំ២០២១។ ពួកគេក៏មិនទទួលជោគជ័យ កាលពីព្រឹត្តិការណ៍ FIFA World Cup 2022 ដែរ ដោយធ្លាក់ត្រឹមវគ្គចែកពូលតែប៉ុណ្ណោះ។
អាល្លឺម៉ង់នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ UEFA Euro លើកទី១៧ នាឆ្នាំ ២០២៤ ខាងមុខ តែលទ្ធផលមិនសូវល្អនេះ ធ្វើឱ្យក្រុមហាក់មានភាពច្របូកច្របល់ជាខ្លាំង។ ពួកគេមិនចាំត្រូវឆ្លងកាត់វគ្គជម្រុះនោះទេ ព្រោះក្នុងនាមជាម្ចាស់ផ្ទះ អាល្លឺម៉ង់ បានទទួលកៅអីដោយស្វ័យប្រវត្តិ ទៅហើយ តែដោយសារមិនមានសញ្ញានៃភាពប្រសើរឡើងនៃការដឹកនាំរបស់បុរសវ័យ៥៨ឆ្នាំ ទើបសមាគមបាល់ទាត់អាល្លឺម៉ង់ DFB បានគិតថាវាដល់ពេលដែលត្រូវធ្វើសកម្មភាព គឺការផ្លាស់ប្តូរគ្រូបង្វឹកថ្មីតែម្តង។
ក្រោយការបញ្ចប់តំណែងលោក Hansi Flick អាល្លឺម៉ង់ កំពុងស្វែងរកគ្រូបង្វឹកថ្មី ខណៈនាយកគ្រប់គ្រងកីឡារបស់ក្រុម និងជាគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុមពីឆ្នាំ២០០០-០៤ លោក Rudi Voller នឹងត្រូវធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ន សម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិបារាំង នៅពាក់កណ្តាលសប្តាហ៍នេះ។
សូមបញ្ជាក់ថា លោក Hansi Flick បានក្លាយជាគ្រូបង្វឹកដំបូងគេរបស់ក្រុមឥន្ទ្រីយ៍ដែក ដែលត្រូវបានបណ្តេញចេញ ក្រោយពីតំណែងនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៦មក៕