ក្រុមជម្រើសជាតិអ៊ីតាលី នឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងការប្រកួតវគ្គជម្រុះ EURO 2024 ពូល C នៅទីក្រុង Milan ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CBS Sports ចាប់ពីម៉ោង ១:៣៥ នាទីរំលងអធ្រាត្រយប់នេះតទៅ។
លោក Luciano Spalletti បានកាន់តំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់ពីលោក Roberto Mancini បានទៅដឹកនាំក្រុមអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែរជ្ជកាលរបស់គាត់បានចាប់ផ្តើមដោយលទ្ធផលស្មើ ១-១ ទល់នឹងក្រុមម៉ាសេដូនីខាងជើង។
អ៊ុយក្រែនទទួលបាន១ពិន្ទុក្នុងការប្រកួតទល់នឹងអង់គ្លេស ស្របពេលដែលការប្រកួតនៅយប់នេះ គឺជាការប្រកួតដ៏សំខាន់ដើម្បីស្វែងរកកៅអីនៅជុំផ្ដាច់ព្រ័ត្រ EURO។ ប៉ុន្តែវាជាការលំបាកសម្រាប់ក្រុមដែលមិនធ្លាប់ផ្ដួលអ៊ីតាលី។
សម្រាប់គ្រូបង្វឹកអ៊ីតាលី នឹងមិនមានខ្សែប្រយុទ្ធ Matteo Politano របស់ក្លិប Napoli និងខ្សែការពារ Gianluca Mancini របស់ក្លិប Roma បានរបួស។ ខ្សែប្រយុទ្ធ Riccardo Orsolini របស់ក្លិប Bologna ត្រូវបានកោះហៅជំនួសកន្លែងដែលអវត្តមាន។
អ៊ុយក្រែន ហាក់មិនមានការព្រួយបារម្ភពីកីឡាកររបួសឡើយ បន្ទាប់ពីប្រកួតស្មើជាមួយអង់គ្លេស។
ការជួបគ្នាចុងក្រោយរវាងអ៊ីតាលី និងអ៊ុយក្រែន បញ្ចប់ទៅដោយលទ្ធផល ១-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីខែតុលា ឆ្នាំ២០១៨។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់អ៊ីតាលី ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Donnarumma; Di Lorenzo, Scalvini, Bastoni, Spinazzola; Locatelli, Tonali, Barella; Zaniolo, Immobile, Zaccagni
នេះអាចជាជម្រើស១១នាក់ដំបូងរបស់អ៊ុយក្រែន ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Buschan; Konoplya, Zabarnyi, Matviyenko, Mykolenko; Stepanenko, Zinchenko; Tsygankov, Sudakov, Mudryk; Yaremchunk
CBS Sports ទស្សន៍ទាញថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ អ៊ីតាលី ១-០ អ៊ុយក្រែន៕