ខ្សែបម្រើ Paul Pogba របស់ក្លិប Juventus ត្រូវបានព្យួរឈ្មោះជាបណ្តោះអាសន្ន ពីការប្រកួតនានា ក្រោយជាប់ពាក់ព័ន្ធបញ្ហាប្រើប្រាស់សារធាតុហាមឃាត់។
អង្គភាពប្រឆាំងសារធាតុហាមឃាត់របស់អ៊ីតាលី NADO បានឱ្យដឹងថា លទ្ធផលធ្វើតេស្តរបស់កីឡាករបារាំង វ័យ៣០ឆ្នាំ មានភាពវិជ្ជមានលើសារធាតុ Testosterone ក្រោយពី Juventus បានយកឈ្នះ Udinese ក្នុងលទ្ធផល ៣-០ នៅជំនួបបើកឆាកក្របខណ្ឌ Serie A កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅ។
តាមពិតទៅ ក្នុងការប្រកួតនោះ Paul Pogba មានឈ្មោះជាកីឡាករបម្រុង និងមិនត្រូវបានប្តូរចូលលេងនោះទេ ប៉ុន្តែសំណាករបស់គេត្រូវបានជ្រើសរើសដោយមិនមានការព្រៀងទុក សម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់។
ប្រសិនបើត្រូវបានរកឃើញថា Paul Pogba ពិតជាមានពាក់ព័ន្ធជាមួយសារធាតុហាមឃាត់ពិតប្រាកដមែន នោះរូបគេអាចនឹងត្រូវប្រឈមមុខនឹងការដាក់ពិន័យ ចាប់ពី២ឆ្នាំ ដល់៤ឆ្នាំឯណោះ។
ជុំវិញរឿងនេះដែរ ក្លិប Juventus បានចេញសេចក្តីថ្លែងការណ៍ថា៖ “ក្លិបបានទទួលការបញ្ជាពីអង្គភាពប្រឆាំងសារធាតុហាមឃាត់របស់អ៊ីតាលី ឱ្យធ្វើការព្យួរឈ្មោះ Paul Pogba ជាបណ្តោះអាសន្ន។ ក្លិបនឹងធ្វើការសម្រេចជាបន្តថានឹងអនុវត្តវិធានាការនានាយ៉ាងណា ក្រោយទទួលបានព័ត៌មានលម្អិតបន្ថែមទៀត។”
ដោយឡែក NADO បានអះអាងថា ពួកគេបានរកឃើញកម្រិតសារធាតុ Testosterone ដែលជាសារធាតុជំនួយដល់កម្លាំងសម្រាប់អ្នកដែលបានប្រើប្រាស់ ហើយមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់អត្តពលិកនៅពេលប្រកួតនោះទេ។
ដោយឡែក អតីតសមាជិក Man UTD រូបនេះ នៅមានវេលាចំនួន៣ថ្ងៃ ដើម្បីធ្វើការឆ្លើយតបបដិសេធទៅនឹងលទ្ធផលចេញពីអង្គភាព NADO៕