
កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា
បានទទួលបានមេដាយចំនួន ៣គ្រឿងក្នុងព្រឹត្តិការណ៍ជើងឯកប៉េតង់ពិភពលោក លើកទី៥០ ឆ្នាំ២០២៣ (World Petanque Championships 2023) នៅប្រទេសប៉េនីន។
កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសានារី ១នាក់ទល់១នាក់ បន្ទាប់ពីបញ្ចប់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងកីឡាការិនីអាល់ហ្សេរី។ ចំណែកលើវិញ្ញាសាបុរស១នាក់ទល់១នាក់វិញ កីឡាករ ស៊ីន វង់ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ដោយឈានដល់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ពេលប៉ះកីឡាករទុយណេស៊ី។
លើវិញ្ញាសាវាយគូបុរស កីឡាករ ស៊ីន វង់ ដដែល និងកីឡាករ ថោង ឈឿន ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ដោយឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលបានប្រកួតចាញ់ក្រុមបារាំង។
ប្រតិភូ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បានចូលរួមការប្រកួតជើងឯកប៉េតង់ពិភពលោក ឆ្នាំ២០២៣ នៅប្រទេសបេនីន លើ៥វិញ្ញាសា ក្នុងនោះមានវិញ្ញាសាបុរស ១នាក់ទល់១នាក់, វិញ្ញាសានារី ១នាក់ ទល់ ១នាក់, វិញ្ញាសាបុរស ២នាក់ ទល់ ២នាក់, វិញ្ញាសានារី ២នាក់ ទល់ ២នាក់ និង វិញ្ញាសាចម្រុះ បុរស ១នាក់ នារី ១នាក់។ ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមពីថ្ងៃទី៨ ដល់ ១៧ ខែកញ្ញា៕