លោក Gareth Southgate គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថា Harry Maguire បានទទួលការសើចចំអក បន្ទាប់ពីការប្រកួតមិត្តភាពទល់នឹងក្រុមស្កុតឡែន។
Maguire ត្រូវបានប្ដូរចូលក្រោយម៉ោងសម្រាកវគ្គទីមួយ ជំនួស Marc Guehi ។ ក្នុងការប្រកួត អ្នកគាំទ្រស្កុតឡែន បានស្រែកអបអរសាទរសម្រាប់ការចូលលេងរបស់ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ។ ក្រោយមក រូបគេថែមទាំងបង្កកំហុសឱ្យបាល់ចូលទីខ្លួនឯង ក្នុងការប្រកួតដែលអង់គ្លេសបានយកឈ្នះស្កុតឡែន ដោយលទ្ធផល ៣-១។
មិនខុសគ្នាទេ ស្ថានភាពបែបនេះបានកើតឡើងពេល Manchester United ប្រកួតទល់នឹង Arsenal ដោយអ្នកគាំទ្រក្រុមកាំភ្លើងធំបង្ហាញការសាទរសម្រាប់ការចូលលេងរបស់ Maguire ។
លោក Southgate និយាយថា៖ ” វាជាលទ្ធផលនៃការបន្តុះបង្អាប់មកលើរូបគេជាយូរមកហើយ។ ខ្ញុំមិនដែលឃើញកីឡាករណាម្នាក់ទទួលការសើចចំអកបែបនេះទេ មិនមែនត្រឹមតែអ្នកគាំទ្រស្កុតឡែនទេ។ ប៉ុន្តែមានអ្នកអត្ថាធិប្បាយ អ្នកវិភាគ ជាដើម ពួកគេបានបង្កើតរឿងលើសពីអ្វីដែលខ្ញុំធ្លាប់ឃើញ។ គេគឺជាមនុស្សរឹងមាំសម្រាប់ពួកយើង ដែលទទួលបានជោគជ័យអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ”។
“គេគឺជាផ្នែកសំខាន់។ ខ្ញុំសម្ដៅលើសារសំខាន់នៃកីឡាករជារៀមច្បងក្នុងក្រុម។ រាល់ពេលដែលគេនៅលើទីលាន ភាពរឹងមាំនិងស្វាហាប់ ដែលគេបង្ហាញគឺពិតជាមិនគួរឱ្យជឿ។ គេជាកីឡាករកំពូលម្នាក់។ យើងទាំងអស់គ្នានៅជាមួយគេ”៕