×

គ្រូជម្រើសជាតិព័រទុយហ្គាល់ថា ក្រុមបានត្រៀមខ្លួនឈ្នះការប្រកួតដោយមិនមានវត្តមាន Cristiano Ronaldo

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ លោក Roberto Martinez បាននិយាយថា ក្រុមរបស់លោកត្រូវត្រៀមខ្លួនក្នុងការឈ្នះការប្រកួត ដោយមិនមានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo។

ជាការពិត ព័រទុយហ្គាល់ទើបបានយកឈ្នះក្រុមជម្រើសជាតិលុចហ្សំបួរដោយលទ្ធផលដល់ទៅ ៩-០ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ UEFA Euro 2024 ពូល J ដោយមិនមានការចូលរួមរបស់ Ronaldo នោះទេ ព្រោះតែកីឡាកររូបនេះ ត្រូវបានព្យួរមួយប្រកួត ក្រោយពីទទួលបានការពិន័យកាតលឿងចំនួន ៣ដង។

ទាក់ទិននឹងរឿងនេះដែរ លោក Martinez បានលើកឡើងថា៖ “Cristiano សំខាន់ណាស់សម្រាប់ក្រុម ។ យ៉ាងណាមិញ ព័រទុយហ្គាល់ត្រូវតែផ្តល់ឱកាសដល់កីឡាករថ្មីៗ ដែលរួមមាន ខ្សែប្រយុទ្ធ Gonçalo Ramos និងខ្សែប្រយុទ្ធ Jota ជាដើម។”

គ្រូបង្វឹកជនជាតិអេស្ប៉ាញ វ័យ៥០ឆ្នាំ បានបន្តថា៖ “Ronaldo មានបទពិសោធ និងមានលក្ខណៈពិសេសជាច្រើន។ យើងមិនត្រូវបង្កើតក្ដីមន្ទិលសង្ស័យនោះទេ។ ក្រុមនេះបានត្រៀមខ្លួនរួចហើយក្នុងការឈ្នះ ដោយមិនមានវត្តមាន Cristiano។”

សម្រាប់ជ័យជម្នះទៅលើលុចហ្ស៊ំបួរនេះ គឺជាការឈ្នះការប្រកួតអន្តរជាតិដ៏ធំមួយសម្រាប់ក្រុមព័រទុយហ្គាល់។
ក្នុងពូល J បច្ចុប្បន្ន ក្រោយឆ្លងកាត់៦ប្រកួត រួចមក ក្រុមព័រទុយហ្គាល់កំពុងឈរកំពូលតារាងមាន ១៨ពិន្ទុ ស្លូវ៉ាគី ឈរលេខ២មាន ១៣ពិន្ទុ លុចហ្សំបួរឈរលេខ៣ មាន១០ពិន្ទុ បូស្នីនៅលេខ៤ អ៊ីស្លង់នៅលេខ៥ មាន៦ពិន្ទុដូចគ្នា ហើយលិចធិនស្តេញនៅបាតតារាងមាន០ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង