×

មន្ត្រីសហព័ន្ធថា ការដកខ្លួនរបស់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាពីព្រឹត្តិការណ៍កីឡាអាស៊ីមានបញ្ហាចម្បង៣

ថ្មីៗនេះ អ្នកតាមដានបាល់ទាត់ជម្រើសជាតិ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩របស់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា។

ការដកខ្លួនពីព្រឹត្តិការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានចម្ងល់ បន្ទាប់ពីក្រុមកីឡាការិនីកម្ពុជា បានបង្កើតកំណត់ត្រាថ្មីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ដោយអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង ដែលបានចាញ់ក្រុមកីឡាការិនីវៀតណាម កាលពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភាកន្លងទៅ។

ជុំវិញការសម្រេចចិត្តដកខ្លួននេះ ទីភ្នាក់ងារសារព័ត៌មានជាតិបានចុះផ្សាយពីការលើកឡើងរបស់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់ផងដែរ។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា កត្តាចម្បង៣ ធ្វើឱ្យមានការសម្រេចចិត្តបែបនេះ។ ទី១ ដោយសារត្រៀមខ្លួនមិនបានល្អក្រោយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ ទី២ ដោយសារកីឡាការិនីមួយចំនួនឈឺ (របួស) និងជាប់រៀនសូត្រត្រៀមឆ្នាំប្រឡង។ និងទី៣ ដោយសារអាណាព្យាបាលមួយចំនួនមិនអនុញ្ញាតឱ្យកូនៗរបស់ពួកគាត់ចេញទៅក្រៅប្រទេសរយៈពេលយូរ។

សូមរំឭកថា ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ធ្វើឡើងនៅប្រទេសចិន ចាប់ពីថ្ងៃទី២៩ ខែកញ្ញា។ ដើមឡើយ កម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយកូរ៉េខាងជើង និង សិង្ហបុរី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង