លោក Frank Lampard ត្រូវបានរាយការណ៍ថា ជាគោលដៅរបស់ Lyon ស្របពេលដែលក្លិបនៅលីគកំពូលបារាំងមួយនេះ បន្ដស្វែងរកគ្រូបង្វឹកថ្មី។
Lyon បានប្រកាសកាលពីថ្មីៗនេះថា លោក Laurent Blanc បានចាកចេញពីតំណែងគ្រូបង្វឹក ហើយក្លិបបានព្រមព្រៀងបញ្ចប់កុងត្រារបស់គាត់ បន្ទាប់ពីការបរាជ័យ ៤-១ ក្រោមថ្វីជើង Paris Saint-Germain។
Lyon មិនទាន់ស្គាល់រសជាតិឈ្នះ១ប្រកួតនៅឡើយទេ ក្នុងជំនួបក្របខណ្ឌ Ligue 1 រដូវកាលថ្មី ២០២៣-២៤ ក្រោយឆ្លងកាត់៤ប្រកួតកន្លងមក ហើយពួកគេមានតែ១ពិន្ទុ និងកំពុងឈរនៅលេខ១៨ បាតតារាងតែម្តង។
ក្រោយការចាកចេញរបស់លោក Laurent Blanc រួចមក ក្លិប Lyon កំពុងស្វះស្វែងរក គ្រូបង្វឹកថ្មី ហើយបេក្ខភាពជាច្រើនរូបបានស្ថិតក្នុងគោលដៅរបស់ពួកគេផងដែរ។
លោក Graham Potter ទទួលបានការចាប់អារម្មណ៍ពីក្លិបនៃក្របខណ្ឌ Ligue 1 មួយនេះ ប៉ុន្ដែអតីតគ្រូបង្វឹករបស់ Chelsea បានបដិសេធ។ ហើយពេលនេះ មានការរាយការណ៍ឱ្យដឹងថា លោក Frank Lampard ជាគ្រូបង្វឹក Chelsea មួយរូបទៀត ដែលស្ថិតនៅក្នុងបញ្ជីដែលក្លិប Lyon ចង់បាន។
បុរសវ័យ៤៥ឆ្នាំ បានទំនេរពីការងារជាគ្រូបង្វឹក ចាប់តាំងពីដំណាច់រដូវកាលមុន ក្រោយចាកចេញពីតួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Chelsea។
ការចាប់អារម្មណ៍របស់ក្លិប Lyon ចំពោះលោក Frank Lampard គឺអំឡុងពេលដែលលោកដឹកនាំជាគ្រូបង្វឹកអចិន្ត្រៃយ៍របស់ Chelsea ដោយបានជួយក្លិបឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup និង បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤អំឡុងការប្រកួត Premier League រដូវកាល ២០២០-២១ បើទោះជាពេលនោះ ក្រុមតោខៀវកំពុងស្ថិតក្នុងបម្រាមមិនអាចទិញលក់កីឡាករក្តី៕