គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បាននិយាយការពារកីឡាករ Harry Maguire ចំពោះការរិះគន់លើខ្សែការពាររូបនេះ។
កីឡាករវ័យ៣០ឆ្នាំ បង្ហាញខ្លួន៥៩ប្រកួតសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្ដែគេបានធ្វើឱ្យបាល់ចូលទីខ្លួនឯង ក្នុងការប្រកួតមិត្តភាពដែលអង់គ្លេស យកឈ្នះស្កុតឡែន ដោយលទ្ធផល ៣-១ កាលពីថ្ងៃអង្គារ។
ការភ្លាត់ស្នៀតនោះ បានធ្វើឱ្យ Harry Maguire បានទទួលការរិះគន់និងការសើចចំអក ពីអ្នកគាំទ្រយ៉ាងច្រើន។ ទោះយ៉ាងណាក៏ដោយ លោក Gareth Southgate បានធ្វើការថ្កោលទោស ចំពោះការរិះគន់ ការសើចចំអកទាំងឡាយលើកីឡាកររបស់លោក និង ថាកីឡាករទាំងអស់សុទ្ធតែបានប្រឹងប្រែងសម្រាប់ក្រុម។
លោក Southgate បាននិយាយដូច្នេះថា៖ “Harry Maguire ពិតជាមានការប្រឹងប្រែងសម្រាប់យើង នៅក្នុងក្រុមដែលជោគជ័យបំផុតរបស់អង់គ្លេស សម្រាប់ច្រើនទសវត្សរ៍កន្លងមក គេពិតជាផ្នែកមួយនៃជោគជ័យនេះ”។
គ្រូបង្វឹកវ័យ៥៣ឆ្នាំបន្តថា៖ “ខ្ញុំបាននិយាយពីសារសំខាន់នៃកីឡាករក្រុមធំរបស់យើង គេពិតជាសំខាន់ក្នុងចំណោមកីឡាករទាំងនោះ។ គេជាកីឡាករកំពូលមួយរូប ហើយយើងទាំងអស់គ្នា និងអ្នកគាំទ្រ រីករាយជាមួយគេ។”
Maguire ត្រូវបានក្លិប Manchester United ដកតំណែងប្រធានក្រុមកាលពីខែកក្កដា ហើយកំពុងតស៊ូអាជីពបាល់ទាត់ក្រុមដំបូងនៅទឹកដី Old Trafford ។ យ៉ាងណាក៏ដោយ លោក Southgate បានគូសបញ្ជាក់អំពីសារសំខាន់របស់ Maguire សម្រាប់ក្រុមអង់គ្លេស ដោយខ្សែការពារកណ្តាលមានលក្ខណៈពិសេសនៅក្នុងការប្រកួតជម្រុះ UEFA Euro 2024 ។
អង់គ្លេសបច្ចុប្បន្ន កំពុងឈរកំពូលតារាងពូល C វគ្គជម្រុះ UEFA Euro 2024 មាន១៣ពិន្ទុ ក្រោយឆ្លងកាត់៥ប្រកួតរួចមក។ ក្រុមតោកំណាចនឹងមានការប្រកួតមិត្តភាពជាបន្តទល់នឹងនឹងអូស្ត្រាលីនៅថ្ងៃទី១៣ ខែតុលា មុនបន្តការប្រកួតជម្រុះ UEFA Euro 2024 ទល់នឹងអ៊ីតាលីនៅ៤ថ្ងៃបន្ទាប់ពីនោះ៕