×

WWE និង UFC រួមបញ្ចូលគ្នា បង្កើតក្រុមហ៊ុនកីឡាថ្មីមួយ តម្លៃជាង២០ពាន់លានដុល្លារ

ការរួមបញ្ចូលគ្នា រវាងស្ថាប័នកំពូលកីឡាគុនចម្រុះ UFC និងស្ថាប័ន កីឡាកាស WWE បានសម្រេចជាផ្លូវការហើយ ដោយបង្កើតបានក្រុមហ៊ុនពាណិជ្ជកម្មកីឡាដ៏ធំមួយ មានឈ្មោះថា TKO Group Holdings ដើម្បីគ្របដណ្តប់លើម៉ាកយីហោ UFC និង WWE ជាមួយក្រុមហ៊ុន Endeavor Group Holdings Inc ដែលជាម្ចាស់បច្ចុប្បន្នរបស់ UFC ។

កិច្ចព្រមព្រៀងនេះ មានតម្លៃរហូតដល់ ២១,៤ពាន់លានដុល្លារអាមេរិក ដោយ UFC មានតម្លៃ ១២,១ពាន់លានដុល្លារ និង WWE មានតម្លៃ ៩,៣ពាន់លានដុល្លារ។

TKO ដែលត្រូវបានរួមបញ្ចូលគ្នារវាង UFC និង WWE ដឹកនាំដោយលោក Ari Emanuel នាយកប្រតិបត្តិក្រុមហ៊ុន Endeavor ខណៈដែលលោកមហាសេដ្ឋី Vince McMahon សហស្ថាបនិក WWE ត្រូវបានតែងតាំងជាប្រធានប្រតិបត្តិក្រុមហ៊ុនថ្មីនេះ។ ចំណែកលោក Dana White នៅតែជាប្រធានរបស់ UFC រីឯលោក Nick Khan ត្រូវបានតែងតាំងជាប្រធានរបស់ WWE។

ក្រុមហ៊ុន Endeavor ដែលមានមូលដ្ឋាននៅទីក្រុង Beverly Hills ដែលជាក្រុមហ៊ុនភ្នាក់ងារទេពកោសល្យហូលីវូដ WME កាន់កាប់ភាគហ៊ុនរហូតដល់ ៥១ ភាគរយ នៅក្នុងក្រុមហ៊ុន TKO ខណៈដែល WWE មានភាគហ៊ុន ៤៩ភាគរយ ។

ស្ថាប័ន WWE និង Endeavor បានលើកឡើងថា ពួកគេនឹងធ្វើការផ្សព្វផ្សាយឆ្លងគ្នា ដើម្បីជំរុញការយល់ដឹងអំពីម៉ាកយីហោ និងការជ្រៀតចូលស៊ីជម្រៅ នៃមូលដ្ឋានអ្នកគាំទ្រ រវាងអ្នកគាំទ្រ UFC ជាង ៧០០លាននាក់ និងអ្នកគាំទ្រ WWE ជាង ១,២ពាន់លាននាក់ នៅទូទាំងពិភពលោក។

យ៉ាងណាមិញ ការរួមបញ្ចូលគ្នារវាងស្ថាប័ន WWE និង UFC គឺដើម្បីចាប់យកឱកាសសម្រាប់ការផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួនកាន់តែទូលំទូលាយ តាមរយៈការពង្រីកដែនសិទ្ធិផ្សាយ មិនមែនជាការឱ្យអត្តពលិកស្ថាប័នទាំង២អាចធ្វើការប្រកួតឆ្លងស្ថាប័នគ្នានោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង