×

ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ បញ្ចប់តំណែងគ្រូបង្វឹកលោក Fernando Santos

សមាគមបាល់ទាត់ប៉ូឡូញ PZPN បាននិយាយថា ពួកគេបានចែកផ្លូវពីគ្រូបង្វឹកលោក Fernando Santos បន្ទាប់ពីការបរាជ័យ ២-០ នៅក្នុងទឹកដីប្រទេសអាល់បានី ដែលបានធ្វើឱ្យពួកគេជួបការលំបាកក្នុងការប្រកួតជម្រុះពានរង្វាន់ UEFA Euro 2024 ។

លោក Santos ដែលបានឈ្នះពានរង្វាន់ UEFA Euro 2016 ជាមួយក្រុមព័រទុយហ្គាល់ បានចូលមក ដឹកនាំក្រុមប៉ូឡូញ កាលពីខែមករា ឆ្នាំ២០២៣ ដោយជំនួសតំណែងលោក Czeslaw Michniewicz ដែលត្រូវបានបណ្តេញចេញ បន្ទាប់ពីប៉ូឡូញធ្លាក់ចេញពី FIFA World Cup 2022 វគ្គ ១៦ ក្រុមចុងក្រោយ។

យ៉ាងណាមិញ ទម្រង់លេងការពាររបស់បុរសវ័យ៦៨ឆ្នាំ ត្រូវបានអ្នកគាំទ្រប៉ូឡូញហាក់បីដូចជាមិនពេញចិត្ត ព្រោះតែមិនបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការប្រកួតម្ដងៗ។ ជាពិសេសថ្មីនេះ ប៉ូឡូញបានចាញ់ក្រុមជម្រើសជាតិម៉ុលដូវ៉ា និងអាល់បានី ដែលធ្វើឱ្យប៉ូឡូញទំនងជាមិនអាចជាប់បេក្ខភាពទៅលេងពានរង្វាន់ UEFA Euro 2024 ឡើយ។

បន្ទាប់ពីបរាជ័យក្នុងទីក្រុង Tirana កាលពីថ្ងៃអាទិត្យ លោក Santos បាននិយាយថា លោកមិនពិចារណាលាលែងពីតំណែងនោះទេ ប៉ុន្តែសមាគមបាល់ទាត់ប៉ូឡូញ សម្រេចចិត្តបញ្ចប់តំណែងរបស់លោក Santos និងស្វែងរកគ្រូបង្វឹកថ្មីដើម្បីស្រោចស្រង់ក្រុម។

ជុំវិញរឿងនេះដែរ ប្រធាន PZPN លោក Cezary Kulesza បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ការជ្រើសរើសគ្រូបង្វឹកថ្មីឥឡូវនេះ គឺជាអាទិភាពមួយសម្រាប់ក្រុមប្រឹក្សាភិបាលនៃសមាគមបាល់ទាត់ប៉ូឡូញ ដូច្នេះយើងនឹងប្រកាសក្នុងពេលឆាប់ៗនេះ នៅពេលដែលការបង្ហាញរបស់គ្រូបង្វឹកថ្មីនឹងប្រព្រឹត្តទៅ”។

ប៉ូឡូញឈរលេខ៤ក្នុងពូល E ដោយមាន៦ពិន្ទុពី៥ប្រកួត។ ការប្រកួតបន្ទាប់គឺពួកគេត្រូវធ្វើដំណើរទៅជួបក្រុម Faroe Islands នាថ្ងៃទី១២ ខែតុលា មុនជួបជាមួយ Moldova សាជាថ្មី នៅ៣ថ្ងៃបន្ទាប់ពីនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង