×

ក្រុមជម្រើសជាតិ​កម្ពុជា នឹងហោះ​ទៅ​បារ៉ែន នាព្រឹកស្អែក ដើម្បី​ត្រៀម​ការប្រកួត​ជម្រុះ Asian Cup និង AFC U23

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅប្រទេសបារ៉ែន នាវេលាម៉ោង ៩ព្រឹកថ្ងៃទី០៥ ខែតុលាស្អែកនេះ ដើម្បីធ្វើការហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ីចំនួន ២ គឺការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Playoff) ជាមួយកោះហ្គាំ និងការប្រកួតជម្រុះពូល K នៃពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers ជាមួយជប៉ុន និងហុងកុង។ នេះបើយោតាមការចេញផ្សាយ នៅថ្ងៃទី៤ ខែតុលានេះ។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា បេសកកម្មរបស់ក្រុមគោព្រៃកម្ពុជាលើកនេះ ក៏មិនខុសពីការប្រកួតជម្រុះ World Cup នៅបារ៉ែន កាលពីខែមិថុនាកន្លងទៅដែរ គឺពុំមានការប្រមូលផ្ដុំក្នុងស្រុកឡើយ ដោយពួកគេនឹងចេញទៅប្រមូលផ្ដុំនៅបារ៉ែនតែម្ដង ។ តែយ៉ាងណា លោកមានសុទិដ្ឋិនិយមថា មិនបង្កក្ដីបារម្ភដល់គ្រូបង្វឹកនោះទេ ព្រោះកីឡាករទាំងអស់ សុទ្ធតែបានហ្វឹកហាត់ និងមមាញឹកជាមួយការប្រកួតលីគកំពូលកម្ពុជា។

ចំពោះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបកោះហ្គាំ ទាំង ២ជើង នៅកីឡដ្ឋាន Khalifa Sport City នាថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាខាងមុខ ដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ។ បន្ទាប់ពីចប់ការប្រកួតនេះ កីឡាករអាយុលើស ២៣ឆ្នាំ នឹងត្រូវត្រឡប់មកមាតុភូមិវិញ លើកលែងកីឡាករអាយុក្រោម ២៣ឆ្នាំ ដែលត្រូវបន្ដដំណើរទៅប្រទេសជប៉ុន ដើម្បីធ្វើការប្រកួតជម្រុះពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ី។

សម្រាប់ការប្រកួតជម្រុះពូល K នៃពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers នៅប្រទេសជប៉ុន ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម U23 ហុងកុង នាថ្ងៃទី២៣ ខែតុលា មុនជួបក្រុមម្ចាស់ផ្ទះ U23 ជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village តែមួយគត់។
សូមជូនពរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្ម ដើម្បីបានឡើងទៅវគ្គបន្ដ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ីទាំងពីរខាងលើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង