×

ខ្សែប្រយុទ្ធ Richarlison ស្វែងជំនួយចិត្តសាស្ត្រពេលវិលត្រឡប់មកកាន់អង់គ្លេសវិញ

ខ្សែប្រយុទ្ធ Richarlison របស់ Tottenham Hotspur បាននិយាយថា រូបគេនឹងស្វែងរកជំនួយផ្នែកចិត្តសាស្រ្តពេលវិលត្រឡប់ទៅអង់គ្លេសវិញ ក្រោយបញ្ចប់ការប្រកួតអន្តរជាតិរួចរាល់។

កីឡាករវ័យ ២៦ ឆ្នាំ បានស៊ុតបញ្ចូលទីបានតែ ៤ គ្រាប់ប៉ុណ្ណោះក្នុង ៤០ ប្រកួតសម្រាប់ Spurs ចាប់តាំងពីបានផ្ទេរមកពី Everton តម្លៃ៥០ លានផោនក្នុងខែកក្កដា ឆ្នាំ២០២២។

ថ្វីបើទម្រង់លេងរបស់ក្លិបមិនសូវល្អក៏ដោយ ក៏ Richarlison រំពឹងថា នឹងធ្វើបានល្អជាមួយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។ យ៉ាងណា រូបគេបានផ្តើមការប្រកួតពីរលើកចុងក្រោយរបស់ប្រេស៊ីលកាលពីដើមខែនេះដោយទម្រង់លេងធ្លាក់ចុះ បន្ទាប់ពីខកខានឱកាសជាច្រើនដង។

អំឡុងការប្រកួត ដែលប្រេស៊ីល ឈ្នះ ប៊ូលេវី ៥-១ ក្នុងវគ្គជម្រុះ FIFA World Cup 2026 នៅទីក្រុង Belem កាលពីចុងសប្តាហ៍មុននោះ Richarlison ត្រូវបានប្តូរចេញនៅនាទី៧១ ហើយរូបគេមានភាពសោកសៅ និងស្រក់ទឹកភ្នែកយំយែកនៅលើកៅអីរបស់ក្រុម។

និយាយទៅកាន់សារព័ត៌មាន O Globo កាលពីពេលថ្មីៗនេះ Richarlison បានអះអាងថា ការយំយែកនោះគឺទៅលើរឿងដែលកំពុងកើតឡើងមិនស្ថិតក្នុងប្រព័ន្ធរបស់គេ។

Richarlison ថ្លែងបែបនេះ៖ “តាមគំនិតរបស់ខ្ញុំ ខ្ញុំមិនបានលេងការប្រកួតមិនល្អនោះទេ។ វាគឺជាអ្វីដែលកំពុងកើតឡើងនៅក្រៅទីលាន ដែលវាមិនអាចគ្រប់គ្រងបាន។ អ្វីៗនឹងកើតឡើងនៅពេលនេះ ហើយខ្ញុំប្រាកដក្នុងចិត្តថា ខ្ញុំនឹងមានដំណើរការល្អនៅ Tottenham Hotspur វិញ។ យ៉ាងណា ខ្ញុំនឹងត្រលប់ទៅប្រទេសអង់គ្លេសហើយស្វែងរកជំនួយផ្នែកចិត្តសាស្រ្តដើម្បីពង្រឹងចិត្តរបស់ខ្ញុំ។ នោះហើយជាអ្វីដែលនឹងធ្វើអោយខ្ញុំកាន់តែរឹងមាំ។”

Tottenham Hotspur ដែលស្ថិតក្រោមការដឹកនាំរបស់លោក Ange Postecoglou កំពុងឈរចំណាត់ថ្នាក់លេខ ២ នៅតារាងពិន្ទុ Premier League ហើយគ្រូបង្វឹកជនជាតិអូស្ត្រាលីបានគាំទ្រ Richarlison យ៉ាងខ្លាំង ខណៈសាមីកីឡាករក៏កំពុងព្យាយាមតស៊ូនៅក្នុងអាជីពរបស់ខ្លួនផងដែរ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង