ខ្សែប្រយុទ្ធ Neymar អាចប្រឈមនឹងការអវត្តមានពីទីលានម្តងទៀត បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លិបថ្មី Al-Hilal ដោយក្លិបបានប្រកាសថា រូបគេមានបញ្ហារបួស។
កីឡាករប្រេស៊ីល វ័យ៣១ឆ្នាំ ដែលកាលពីខែមុនបានចូលរួមជាមួយក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតក្នុងតម្លៃ ៩០ លានអឺរ៉ូក្រោយចាកចេញពី ក្លិបបារាំង Paris Saint-Germain មិនបានលេងឱ្យក្លិបថ្មី ដោយសាររបួសកជើង។
យ៉ាងណា Neymar បានមានឱកាសបង្ហាញខ្លួនលើកដំបូងឱ្យ Al-Hilal ក្នុងការប្រកួតឈ្នះ Al-Riyadh ដោយលទ្ធផល ៦-១ នៅក្របខណ្ឌ Saudi Pro League កាលពីចុងសប្តាហ៍កន្លងទៅ។
ប៉ុន្តែ ឥឡូវនេះ មានការរាយការណ៍ថា រូបគេអាចនឹងបង្ខំចិត្តអវត្តមានពីការប្រកួតរបស់ Al-Hilal ក្នុងពានរង្វាន់ AFC Champions League ដោយសាររបួសនេះទៀត។
គ្រូបង្វឹករបស់ Al-Hilal លោក Jorge Jesus បាននិយាយថា៖ “បន្ទាប់ពីហ្វឹកហាត់ យើងនឹងសម្រេចចិត្តលើកីឡាករបរទេស៥រូប ដែលនឹងស្ថិតនៅក្នុងបញ្ជីការប្រកួត។ Neymar និង Michael មានបញ្ហារបួសបន្ដិចបន្ដួច ហើយយើងត្រូវប្រាកដថា ពួកគេអាចត្រៀមខ្លួនរួចរាល់ ១០០ភាគរយ ក្នុងការប្រកួត។”
ក្រុម Al-Hilal បានស្ថិតក្នុងពូល D នៃពានរង្វាន់ AFC Champions League រួមជាមួយក្រុមអ៊ីរ៉ង់ Nassaji Mazandaran ក្រុមឥណ្ឌា Mumbai City និងក្រុម Navbahor មកពីអូបេគីស្ថាន។ ពួកគេនឹងចាប់ផ្តើមការប្រកួត ដោយត្រូវស្វាគមន៍ក្រុម Navbahor នាកីឡដ្ឋាន Al shabab នាថ្ងៃចន្ទនេះ៕