ខ្សែបម្រើ Julian Draxler បានចាកចេញពីក្លិបបារាំង Paris St Germain ដើម្បីទៅចូលរួមជាមួយក្លិប Al-Ahli នៅប្រទេសកាតា ដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើតាមការប្រកាសឱ្យដឹងពីក្លិបទាំង២កាលពីពេលថ្មីៗនេះ។
កីឡាករអាល្លឺម៉ង់ វ័យ២៩ឆ្នាំ ដែលបានលេងឱ្យក្លិប Wolfsburg និង Schalke នៅក្របខណ្ឌ Bundesliga មុនចូលរួមក្លិប Paris St Germain ក្នុងឆ្នាំ២០១៧នោះ បានបង្ហាញខ្លួន ១៩៨ប្រកួត និងស៊ុតបាន២៦គ្រាប់ ក្នុងរយៈពេល៦រដូវកាលនាកីឡដ្ឋាន Parc des Princes។ រូបគេបានឈ្នះពានរង្វាន់ជាច្រើនដូចជា Ligue 1 ៤ដង Coupe de France ៤ដង និង Coupe de la Ligue ៣ដងផងដែរ។
យ៉ាងណាមិញ Draxler បានធ្លាក់ចេញពីចំណាប់អារម្មណ៍របស់ក្លិប Paris St Germain ហើយបានចំណាយពេលមួយរដូវកាលមុន លេងជាកីឡាករខ្ចីជើងឱ្យក្លិប Benfica នៅលីគកំពូលព័រទុយហ្គាល់។
រូបគេក៏បានបង្ហាញខ្លួន៥៨ដង និងស៊ុតបញ្ចូលទីបាន៧គ្រាប់ ឱ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងបានរួមចំណែកឈ្នះពានរង្វាន់ FIFIA World Cup 2014 ប៉ុន្តែរូបគេមិនបានបង្ហាញខ្លួនឱ្យក្រុមឥន្ទ្រីដែក ចាប់តាំងពីខែមីនា ឆ្នាំមុន។
ដោយឡែក Julian Draxler មិនមែនជាកីឡាករ Paris St Germain តែម្នាក់ដែលបានផ្លាស់ទៅកាន់ក្លិបនៅប្រទេសកាតានោះទេ ដោយក្នុងនោះមិត្តរួមក្រុមរបស់គេគឺ ខ្សែបម្រើ Marco Verratti និងខ្សែការពារ Abdou Diallo ក៏បានចាកចេញពីក្លិបនៅក្របខណ្ឌ Ligue 1 ទៅចូលរួមក្លិបនៅក្របខណ្ឌ Qatar Stars League ដែរ នោះគឺក្លិប Al-Arabi។
សម្រាប់ក្លិបថ្មី គឺក្លិប Al-Ahli ដែល Julian Draxler បានមកចូលរួមនោះ កំពុងឈរលេខ១១ នៅក្នុងតារាងពិន្ទុក្របខណ្ឌ Qatar Stars League ក្រោយរងបរាជ័យជាប់ៗគ្នា៣ប្រកួត ក្នុងការប្រកួតបើកឆាករដូវកាលថ្មីរបស់ពួកគេ៕