×

ខ្សែប្រយុទ្ធ Cristiano Ronaldo ដាក់ពាក្យបណ្តឹងទៅកាន់អតីតក្លិប Juventus

ខ្សែប្រយុទ្ធ Cristiano Ronaldo បានដាក់ពាក្យបណ្ដឹងទាមទារប្រាក់ឈ្នួលពីអតីតក្លិប Juventus របស់ខ្លួន ខណៈរូបគេកំពុងលេងនៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr។

កីឡាករវ័យ៣៨ឆ្នាំ កំពុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងក្លិប Juventus ចំពោះប្រាក់ឈ្នួលដែលមិនបានបង់ប្រាក់អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

Ronaldo កំពុងស្នើសុំប្រាក់ឈ្នួល ១៧.១៥លានផោន ជាចំនួនដែលបានសន្យានៅពេលរូបគេសុខចិត្តពន្យារពេលបើកប្រាក់ឈ្នួលរបស់ខ្លួនអំឡុងវិធានការបិទខ្ទប់។

កាលពីឆ្នាំ២០២០ និង ២០២១ កីឡាកររបស់ Juventus ទាំងអស់បានយល់ព្រមពន្យារពេលបើកប្រាក់ខែ ព្រោះការតស៊ូផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាត។ យ៉ាងណាមិញ មកទល់ពេលនេះ Juventus មិនទាន់បើកប្រាក់ឈ្នួលដែលជំពាក់ទៅអោយ Ronaldo នៅឡើយទេ។

Ronaldo ប្ដេជ្ញានឹងយកប្រាក់ឈ្នួលរបស់ខ្លួនមកវិញ ហើយបានស្នើសុំទៅការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុង Turin សម្រាប់ដោះស្រាយលើបញ្ហានេះ។ ក្លិប Juventus បានដោះស្រាយបញ្ហាស្រដៀងគ្នានេះរួចមកហើយ ដោយបង់ប្រាក់ឱ្យអតីតខ្សែប្រយុទ្ធខ្លួន កីឡាករ Paulo Dybala ចំនួន ៣ លានអឺរ៉ូដែលបានជំពាក់។

ប៉ុន្តែសម្រាប់ Ronaldo នៅមិនទាន់ទទួលបានប្រាក់ឈ្នួលដូចក្នុងកិច្ចសន្យានៅឡើយទេ។ ក្រោយមិនទទួលបានប្រាក់ដូចកិច្ចព្រមព្រៀងរួចមក កីឡាករដែលកំពុងប្រកបអាជីពជាមួយក្លិប Al-Nassr នៅអារ៉ាប៊ីសាអ៊ូឌីត បានដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង