×

ស្ថាប័ន La Liga ចេញសេចក្តីសម្រេចរិតត្បិតការចាយសម្រាប់ក្លិប Barcelona

ក្លិប Barcelona បានរងការខកចិត្តសាជាថ្មី ដោយការចំណាយរបស់ខ្លួនសម្រាប់រដូវកាល ២០២៣-២៤ ត្រូវបានស្ថាប័នលីគកំពូលអេស្ប៉ាញ La Liga កាត់បន្ថយត្រឹម ២៧០លានអឺរ៉ូ។

La Liga បានកំណត់ការគ្រប់គ្រងប្រាក់ចំណាយយ៉ាងតឹងរឹង ដែលរារាំងក្លិបស្ថិតក្នុងក្របខណ្ឌមួយនេះចំណាយលើសកំណត់ លើប្រាក់ឈ្នួល និងការដោះដូរកីឡាករ។ ការគ្រប់គ្រងលើដែនកំណត់នៃការចំណាយពី La Liga គឺផ្តោតខ្លាំងទៅប្រាក់ឈ្នួលកីឡាករ និងបុគ្គលិក ការចំណាយលើការផ្ទេរកីឡាករ ថ្លៃភ្នាក់ងារ ប្រាក់រង្វាន់ និងផ្នែកនានានៃក្លិបនីមួយៗ។

ការកំណត់ការចំណាយរបស់ Barcelona កាលពីរដូវកាលមុនមានតម្លៃ ៦៤៩លានអឺរ៉ូ ដែលជាតួលេខមានការកើនឡើង ព្រោះតែក្លិបបានលក់សិទ្ធិប្រាក់ចំណូលទូរទស្សន៍របស់ខ្លួន និងការទាញយកបានក្រុមហ៊ុនជាច្រើនមកពង្រឹងផ្នែកហិរញ្ញវត្ថុ។ កម្រិតនៃការចំណាយប្រាក់បៀវត្សរ៍បច្ចុប្បន្នរបស់ក្លិប Barcelona គឺប្រហែល ៤០០លានអឺរ៉ូ ក្នុងមួយរដូវកាល។

ការដាក់ទណ្ឌកម្មសម្រាប់ការចាយប្រាក់លើសដែនកំណត់សម្រាប់ Barcelona នឹងត្រូវអនុញ្ញាតឱ្យចំណាយប្រាក់ត្រឹម៥០ភាគរយប៉ុណ្ណោះពីប្រាក់ចំណូលដែលខ្លួនរកបានដើម្បីនាំយកកីឡាករថ្មី រហូតដល់ពេលដែលក្លិបបានបន្ថយកម្រិតចំណាយនៅក្រោមដែនកំណត់នៃការចំណាយ។

ស្ថានភាពបែបនេះ Barcelona ទំនងមិនមានការដោះដូរកីឡាករបន្ថែមទៀតឡើយសម្រាប់ទីផ្សារដោះដូរខែមករា ហើយបើទណ្ឌកម្មនៅតែបង្ខំឱ្យពួកគេបន្តការកាត់បន្ថយថ្លៃចំណាយនោះ ក្លិបអាចនឹងមិនដោះដូរកីឡាករនៅទីផ្សារដើមរដូវកាល ២០២៤-២៥ ថែមទៀត។

បញ្ហាហិរញ្ញវត្ថុនៅតែរឿងចម្បងសម្រាប់ Barcelona បើទោះបីជាក្លិបបានចែកផ្លូវជាមួយនឹងកីឡាករជើងចាស់មួយចំនួនដូចជា Sergio Busquets, Jordi Alba, Ousmane Dembele ក្តី។

កាលពីខែសីហាកន្លងទៅអ្នកចាំទី Marc-Andre ter Stegen បានចុះកិច្ចសន្យាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ ២០២៨ ជាមួយនឹងតម្លៃប្រាក់ឈ្នួលកាត់បន្ថយជាងពេលមុន ដោយនេះបានជួយដល់ Barcelona អាចនាំយកកីឡាករថ្មី ២រូប ដូចជា Joao Cancelo និង Joao Felix។

ដោយឡែកក្លិបគូប្រជែងរបស់ Barcelona គឺ Real Madrid មានដែនកំណត់នៃការចំណាយមានតម្លៃជាង ៧២៧លានអឺរ៉ូ ខណៈក្លិប Atletico Madrid ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដែលត្រូវបានកំណត់ការចំណាយមានតម្លៃត្រឹម ២៩៦លានអឺរ៉ូ ក្នុងមួយរដូវកាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង