×

ក្រុមនារីអេស្ប៉ាញ ធ្វើពហិការមិនចូលរួមជាមួយក្រុមជម្រើសជាតិ ទោះទទួលការកោះហៅយ៉ាងណាក្តី

ក្រុមកីឡាការិនីអេស្ប៉ាញបានរំឭកឡើងវិញថា ពួកគេបានសម្រេចចិត្តធ្វើពហិការមិនចូលរួមជាមួយក្រុមជម្រើសជាតិ បើទោះបីជាត្រូវបានកោះហៅចូលក្នុងក្រុមយ៉ាងណាក៏ដោយ។

សមាជិកចំនួន១៥នាក់ នៃក្រុមនារីអេស្ប៉ាញ ដែលបានឈ្នះពានរង្វាន់ World Cup កាលពីខែមុន ត្រូវបានកោះហៅ សម្រាប់ការប្រកួតពានរង្វាន់ UEFA Women’s Nations League ២០២៣-២៤ ដែលនឹងចាប់ផ្តើមដំណាក់កាលដំបូង នៅថ្ងៃទី២១ ខែកញ្ញា ឆាប់ៗខាងមុខនេះ។

កីឡាការីនីមួយក្រុម ដែលមានគ្នារហូតដល់ ៨១នាក់ បានធ្វើពហិការមិនចូលរួមក្រុមជម្រើសជាតិ បន្ទាប់ពីរឿងអាស្រូវរបស់លោក Luis Rubiales អតីតប្រធានសហព័ន្ធ បាល់ទាត់អេស្ប៉ាញ ដែលបានថើបមាត់កីឡាការិនី Jenni Hermoso អំឡុងពេលពិធីបំពាក់មេដាយមាសម្ចាស់ជើងឯក World Cup នារី កាលពីខែមុន។

រឿងរ៉ាវនេះ បានបង្កភាពចម្រូងចម្រាសក្នុងប្រទេសអេស្ប៉ាញ ហើយ លោក Luis Rubiales បានលាលែងពីតំណែងកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅ បន្ទាប់ពីត្រូវបានតុលាការអេស្ប៉ាញ និងសហព័ន្ធបាល់ទាត់ពិភពលោក FIFA បើកការស៊ើបអង្កេតលើការប្រព្រឹត្តខុសធ្ងន់ធ្ងរនេះ។

កាលពីសប្តាហ៍មុន កីឡាការិនី ៣៩នាក់ រួមទាំងកីឡាការិនី ២១នាក់នៅក្នុងចំណោម ២៣នាក់ ដែលបានជួយអេស្ប៉ាញឈ្នះជើងឯក World Cup បាននិយាយថា កូដកម្មនឹងបន្តរហូតដល់មានការផ្លាស់ប្តូរបន្ថែមទៀត ព្រោះពួកនាងនៅមិនទាន់មានអារម្មណ៍ថា សុវត្ថិភាពនៅឡើយ។

គួរបញ្ជាក់ថា នេះជាការកោះហៅសមាភាពក្រុមចុងក្រោយដោយលោកស្រី Montse Tome ដែលគ្រូបង្វឹកថ្មីជំនួសលោក Jorge Vilda ដែលជាមិត្តជិតស្និទ្ធរបស់លោក Luis Rubiales ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមខែនេះ ខណៈ លោកស្រី Montse Tome បានក្លាយជាស្ត្រីដំបូងគេ ដែលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិនារីរបស់អេស្ប៉ាញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង