អតីតគ្រូបង្វឹក Bayern Munich លោក Julian Nagelsmann អាចនឹងត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់។
សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ទើបតែបានសម្រេច បញ្ចប់ការងារគ្រូបង្វឹកក្រុមជម្រើសជាតិលោក Hansi Flick កាលពីដើមខែកញ្ញានេះ ក្រោយការដឹកនាំរយៈពេល២ឆ្នាំរបស់លោក មិនទទួលបានលទ្ធផលល្អដូចការគ្រោងទុក។ លោក Julian Nagelsmann គឺជាបេក្ខភាពនាំមុខក្នុងការមកទទួលតំណែងដឹកនាំមួយនេះ។
ទាក់ទិននឹងរឿងនេះដែរ Bayern Munich និងលោក Nagelsmann បានបើកភ្លើងខៀវជាមួយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ចំពោះការចង់បានរូបលោកទៅដឹកនាំក្រុម។ ថ្វីបើក្លិប Bayern Munich បានបញ្ចប់ការងាររបស់លោក Nagelsmann តាំងពីខែមីនាឆ្នាំកន្លងទៅក្ដី ប៉ុន្តែ គ្រូបង្វឹករូបនេះនៅតែជាប់កុងត្រាជាមួយក្លិបជើងឯកលីគកំពូលអាល្លឺម៉ង់ ហើយបានបន្តបើកប្រាក់បំណាច់ពីក្លិបរហូតដល់ឆ្នាំ ២០២៦។
សម្រាប់លោក Nagelsmann វិញ គឺរូបលោកសុខចិត្តកាត់ប្រាក់ខែយ៉ាងច្រើនដើម្បីចូលរួមទៅដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដោយព្រមទទួលប្រាក់បំណាច់ប្រមាណ ៤ លានអឺរ៉ូក្នុងមួយឆ្នាំ។ បើបន្តនៅ Bayern Munich តាមកិច្ចព្រមព្រៀងហើយអត់ធ្វើការសោះរហូតដល់ឆ្នាំ ២០២៦ ក៏លោកបានប្រាក់បំណាច់សរុបរហូតដល់ទៅ ៣០ លានអឺរ៉ូដែរ។ បើមិនមានអ្វីប្រែប្រួលទេ ការប្រកាសជាផ្លូវការនឹងត្រូវបានធ្វើឡើងនាពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា លោក Hansi Flick បានក្លាយជាគ្រូបង្វឹកដំបូងគេរបស់ក្រុមឥន្ទ្រីដែក ដែលត្រូវបានបណ្តេញចេញ ក្រោយពីតំណែងនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៦មក៕