×

Cristiano Ronaldo អរគុណអ្នកគាំទ្រអ៊ីរ៉ង់សម្រាប់ការគាំទ្រយ៉ាងកក់ក្ដៅមុនប្រកួត Asian Champions League

Cristiano Ronaldo បានបង្ហាញការអរគុណទៅកាន់អ្នកគាំទ្របាល់ទាត់អ៊ីរ៉ង់ បន្ទាប់ពីប្រធានក្រុម Al Nassr រូបនេះ និងមិត្តរួមក្រុម បានទទួលជ័យជម្នះក្នុងការប្រកួត Asian Champions League ។

Ronaldo បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងអំឡុងពេលស្នាក់នៅយ៉ាងខ្លីក្នុងទីក្រុងតេហេរ៉ង់ ខណៈក្រុម Al Nassr បានយកឈ្នះលើក្រុម Persepolis ដោយលទ្ធផល ២-០ ក្នុងវគ្គសន្សំពិន្ទុពូល E ។ ការប្រកួតនៅក្នុងកីឡដ្ឋាន Azadi ដែលមានសមត្ថភាពផ្ទុកជិត ១០ម៉ឺននាក់ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី តម្រូវឱ្យលេងបិទទ្វារគ្មានទស្សនិកជនចំនួនមួយប្រកួត។

មុនការប្រកួត អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅតាមដងផ្លូវដើម្បីស្វាគមន៍រថយន្តក្រុងរបស់ក្រុម Al Nassr នៅពេលដែលធ្វើដំណើរទៅកាន់សណ្ឋាគារ ដោយមានការលើកបដាស្វាគមន៍ជាច្រើន និងរូបភាពរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ផងដែរ។

ក្នុងវីដេអូមួយ ក្លិបបានបង្ហោះសកម្មភាពរបស់ Ronaldo ជាមួយអ្នកគាំទ្រវ័យក្មេងជាច្រើន។ នៅលើ Twitter, Ronaldo បានបង្ហោះថា៖ “អស្ចារ្យណាស់ដែលទទួលបានជ័យជម្នះនៅថ្ងៃនេះ! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រ និងប្រជាជនអ៊ីរ៉ង់ទាំងអស់ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់ពួកយើង។ វាពិតជាមិនគួរឱ្យជឿ!”

នេះជាការប្រកួតក្នុងប្រទេសអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បង្កើតទំនាក់ទំនងការទូតឡើងវិញ។ គ្រាប់បាល់ដំបូងរបស់ Al Nassr ជាបាល់បង្កកំហុសចូលទីខ្លួនឯងពីកីឡាករ Danial Esmaeilifar និងគ្រាប់ទីពីរកើតចេញពីការទាត់របស់ខ្សែការពារ Mohammed Qassem ។ ក្រុមម្ចាស់ផ្ទះ Persepolis បានបាត់បង់សមាជិកម្នាក់ ក្នុងការចាប់ផ្ដើមវគ្គទីពីរ នៅពេលដែល Milad Sarlak ទទួលបានកាតលឿងទីពីរ សម្រាប់ការបង្កកំហុសលើ Ronaldo ។

Ronaldo វ័យ៣៨ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងក្នុងពានរង្វាន់ Asian Champions League។ អតីតតារាឆ្នើមរបស់ក្រុម Manchester United, Real Madrid និង Juventus ធ្លាប់ឈ្នះពានរង្វាន់ UEFA Champions League នៅទ្វីបអឺរ៉ុប ចំនួន ៥ ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង