ខ្សែប្រយុទ្ធ Cristiano Ronaldo បង្ហាញក្តីរីករាយចំពោះការប្រកួតពានរង្វាន់ AFC Champions League លើកដំបូងរបស់ខ្លួន ខណៈជួយក្រុម Al Nassr ឈ្នះ Persepolis ២-០។ ក្រោយឈ្នះការប្រកួត កីឡាករវ័យ៣៨ឆ្នាំ ក៏បានអរគុណដល់ការគាំទ្រអ៊ីរ៉ង់ ដែលស្វាគមន៍ខ្លួនយ៉ាងច្រើនកុះករ។
ជំនួបនាកីឡដ្ឋាន Azadi ទីក្រុងតេហេរ៉ង់ ត្រូវបានធ្វើឡើងដោយបិទទ្វារ បន្ទាប់ពីសហព័ន្ធបាល់ទាត់អាស៊ី AFC ដាក់ទណ្ឌកម្មហាមឃាត់ ១ប្រកួត សម្រាប់ក្រុម Persepolis ចំពោះការបង្ហោះដោយចម្រូងចម្រាសលើបណ្តាញសង្គម ទល់ក្រុមមួយមកពីប្រទេសឥណ្ឌាកាលពីឆ្នាំ ២០២១។
ការជួយបង្កើតឱកាស ដើម្បីរកបានគ្រាប់បាល់ពីសំណាក់ Ronaldo ធ្វើអោយក្រុមរកបាន ២គ្រាប់ ដោយកីឡាករ Abdulrahman Ghareeb និង Mohammed Qasem ។
ក្រោយឈ្នះការប្រកួត Cristiano Ronaldo ក៏បានបង្ហោះសារអបអរ ក៏ដូចជាអរគុណទៅកាន់អ្នកគាំទ្រនៃប្រទេសអ៊ីរ៉ង់។
កីឡាករវ័យ៣៨ឆ្នាំបានឱ្យដឹងដូចនេះថា៖ “ពិតជាអស្ចារ្យដែលបានយកឈ្នះ។ វាពិតជាពិសេស អរគុណដល់អ្នកគាំទ្រ ជាពិសេសទៅកាន់ប្រជាជនអ៊ីរ៉ង់ដែលបានធ្វើអោយការការប្រកួតមួយនេះពិតជាពិសេសសម្រាប់យើង។ វាពិតជាការស្វាគមន៍ដ៏កក់ក្តៅ។”
ដោយឡែក នេះជំនួបជាប្រវត្តិសាស្ត្ររវាងក្លិបមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទល់នឹងអ៊ីរ៉ង់ បានកើតឡើងសាជាថ្មីដោយចាប់តាំងពីឆ្នាំ២០១៦មក ប្រទេសទាំងពីរត្រូវបានហាមឃាត់ដោយសារបញ្ហាការទូត រហូតត្រូវបាន AFC ដាក់បម្រាម។ កាលដើមខែកញ្ញា AFC បានប្រកាសលុបចោលបម្រាមសម្រាប់ការប្រកួតស្ថិតក្រោមសហព័ន្ធនៃប្រទេសទាំងពីរ។
រយៈពេល ៧ឆ្នាំ នៃការផ្តាច់ចំណងការទូតនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ ក្រុមដែលមកពីប្រទេសទាំងពីរដែលត្រូវបានប៉ះគ្នា ក្នុងជំនួប AFC Champions League ក្រុមទាំងនោះនឹងត្រូវប្រកួតនៅទឹកដីអព្យាក្រឹត ប្រទេសទី៣៕