លោក Carlo Ancelotti បានទទួលយកការស្ដីបន្ទោសចំពោះបរាជ័យរបស់ Real Madrid ៣-១ នៅទឹកដីរបស់ក្រុម Atletico Madrid ក្នុងការប្រកួត La Liga កាលពីថ្ងៃអាទិត្យ។
ការបញ្ជូនចំនួន ៣លើកចេញពីស្លាបឆ្វេងរបស់ Atletico បណ្តាលឱ្យមានគ្រាប់បាល់នាំមុខជាច្រើនសម្រាប់ក្រុមរបស់លោក Diego Simeone ។ Alvaro Morata បានតែតបញ្ចូលទីនៅដើមវគ្គទាំងពីរ ហើយ Antoine Griezmann រកគ្រាប់បាល់នៅនាទីទី១៧។
Toni Kroos ជាអ្នកស៊ុតឱ្យ Real មុនពេលសម្រាកវគ្គទីមួយ នៅពេលដែលលទ្ធផលត្រឹម ២-១ ។ ក្រុមភ្ញៀវបានគ្រប់គ្រងបាល់រហូតដល់ ៦៤ភាគរយនៅកីឡដ្ឋាន Wanda Metropolitano។ ប៉ុន្តែ Atletico អាចរក្សាលទ្ធផល ៣-១ ដល់ចប់ការប្រកួត។
គ្រាប់បាល់ទាំង៣របស់ម្ចាស់ផ្ទះ គឺជាការតែតបាល់បញ្ចូលទីដោយមិនមានការប្រជែង។ ដូច្នេះ លោក Ancelotti បានទទួលយកការស្តីបន្ទោសចំពោះការបរាជ័យលើកដំបូងរបស់ Madrid ក្នុងរដូវកាលនេះ។
គ្រូបង្វឹកក្រុមអធិរាជស បាននិយាយថា៖ “វាជាកំហុសរបស់ខ្ញុំ។ ខ្ញុំនឹងមិនផ្លាស់ប្ដូរប្រព័ន្ធទេ។ ការប្រកួតនេះនឹងជួយពួកយើងឱ្យដោះស្រាយបញ្ហាមួយចំនួន”។
ការចាញ់នៅ Wanda Metropolitano ធ្វើឱ្យ Real Madrid តាមពីក្រោយក្រុមកំពូលតារាង Barcelona ១ពិន្ទុ ក្នុងលីគ បន្ទាប់ពីលេងបាន ៦ប្រកួត៕