ក្រុមប្រឹក្សាអូឡាំពិកអាស៊ី OCA បាននិយាយកាលពីពេលថ្មីៗនេះថា ពួកគេមានភាពរីករាយ សម្រាប់ប្រទេសកូរ៉េខាងជើង ដែលអាចបង្ហូតទង់ជាតិ ក្នុងការប្រកួតកីឡាអាស៊ីដែលធ្វើឡើងនាទីក្រុង Hangzhou ប្រទេសចិន បើទោះបីជាកូរ៉េខាងជើង កំពុងត្រូវបានហាមឃាត់ ដោយសារមិនអនុលោម តាមច្បាប់ប្រឆាំងគ្រឿងញៀនជាសាកលក៏ដោយ។
អង្គភាពប្រឆាំងសារធាតុហាមឃាត់ពិភពលោក WADA បានហាមឃាត់ទង់ជាតិកូរ៉េខាងជើងពីគ្រប់ការប្រកួតកីឡាព្រឹត្តិការណ៍ទាំងអស់ ទាំងនៅក្រៅអូឡាំពិក និងប៉ារ៉ាឡាំពិកនៅឆ្នាំ ២០២១បន្ទាប់ពីចាត់ទុកថាប្រទេសកូរ៉េខាងជើងបានបរាជ័យ ទៅលើការអនុវត្តកម្មវិធីសាកល្បងដ៏មានប្រសិទ្ធភាពសម្រាប់សារធាតុហាមឃាត់។
ទោះយ៉ាងណា អត្តពលិកប្រទេសកូរ៉េខាងជើង បានដង្ហែទង់ជាតិរបស់ខ្លួនយ៉ាងមានមោទកភាព ក្នុងការប្រារព្ធពិធីបើកព្រឹត្តិការណ៍ កីឡាអាស៊ី នាទីក្រុង Hangzhou ហើយវាក៏ត្រូវបានបង្ហូត ដាក់នៅការប្រកួតលើទីលានរួមទាំងនៅកន្លែងស្នាក់នៅរបស់អត្តពលិកផងដែរ។
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី នាទីក្រុង Hangzhou គឺជាការប្រកួតកីឡាចម្រុះអន្តរជាតិដំបូង ដែលប្រទេសកូរ៉េខាងជើង បានចូលរួមចាប់តាំងពី ការប្រកួតក្នុងឆ្នាំ២០១៨ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
ប្រទេសកូរ៉េខាងជើង ត្រូវបានហាមឃាត់ ចេញពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC រហូលដល់ដំណាច់ឆ្នាំ២០២២ ដោយពួកគេបានខកខានការប្រកួតកីឡារដូវរងា នាទីក្រុងប៉េកាំង កាលពីឆ្នាំមុន បន្ទាប់ពីបរាជ័យ ក្នុងការបញ្ចូនក្រុមអត្តពលិក ទៅកាន់ព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅនាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីពេលកន្លងទៅ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី លើកទី១៩ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ដល់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នាទីក្រុង Hangzhou ប្រទេសចិន ដោយក្នុងនោះប្រទេសកម្ពុជាយើង ក៏បានបញ្ចូនមន្ត្រីប្រតិភូ និង អត្តពលិក ចំនួន ១៧៩ នាក់ទៅប្រកួតលើកីឡា១៧ប្រភេទផងដែរ ដែលនេះជាចំនួនច្រើនជាងការចូលរួមកន្លងមក៕