លោក Carlo Ancelotti បាននិយាយថា តំបន់ការពាររបស់ Real Madrid ភាពទន់ខ្សោយខ្លាំងដែលបណ្តាលឱ្យក្រុមប្រកួតចាញ់ Atletico Madrid នៃជំនួប Madrid Derby ក្របខណ្ឌ La Liga កាលពីពេលកន្លងទៅ។
ជាការពិត Real Madrid បានប្រកួតចាញ់ Atletico Madrid ដោយលទ្ធផល ៣-១ នៅក្នុងកីឡដ្ឋាន Metropolitano ដែលជាការរកគ្រាប់បាល់ដោយ Álvaro Morata ចំនួន២គ្រាប់ និង Antoine Griezmann ១ គ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈ Toni Kroos ជាអ្នករកគ្រាប់បាល់ឱ្យ Real Madrid។
លទ្ធផលចាញ់នេះធ្វើឱ្យ Real Madrid ធ្លាក់មកឈរចំណាត់ថ្នាក់លេខ ៣ ក្រោយឈរកំពូលតារាងបានរយៈពេល ៥សប្តាហ៍។
យ៉ាងណា លោក Carlo Ancelotti បានមើលឃើញពីភាពទន់ខ្សោយនៅតំបន់ការពារ ដែលធ្វើឱ្យក្រុមរបស់លោកបានរងបរាជ័យ។
គ្រូបង្វឹកវ័យ៦៤ឆ្នាំបានថ្លែងថា៖ “បញ្ហាស្ថិតនៅលើតំបន់ការពារ នេះជាអ្វីដែលយើងមិនធ្លាប់មានតាំងតែពីការប្រកួតដំបូងមកម្ល៉េះ។ ការប្រកួតកន្លងមកយើងមានភាពផុយស្រួយ ជាការប្រកួតមិនល្អសម្រាប់ការការពាររបស់យើងឡើយ យើងធ្វើមិនបានល្អពិតមែន។”
Real Madrid បន្តអវត្តមានខ្សែប្រយុទ្ធ Vinicius Jr ខណៈក្រុមបានបន្តប្រើប្រាស់កីឡាករទើបឡើងជើង និងទម្រង់លេងល្អ Jude Bellingham នៅតំបន់ប្រយុទ្ធ ដោយមាន Rodrygo, Luka Modric និង Toni Kroos ជាខ្សែបម្រើ។ ចំពោះទម្រង់លេងលោក Ancelotti ថាគ្មានការប្រែប្រួលអ្វីទាំងអស់។
ក្រោយចាញ់ការប្រកួតទល់នឹង Atletico Madrid នោះ លោក Carlo Ancelotti ក៏បានអះអាងបន្ថែមថា លោកនឹងពង្រឹងកូនក្រុមឡើងវិញ ជាពិសេសនៅតំបន់ខ្សែការពារ ព្រមទាំងដាក់ខ្សែបម្រើសំខាន់ៗចូលក្នុងការប្រកួតឡើងវិញ សម្រាប់ជំនួបទល់នឹងក្រុម Las Palmas នៅសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមអធិរាជស មាន១៥ពិន្ទុ ពីការប្រកួត៦លើក ឈរពីក្រោមក្រុម Girona លេខ២ និងក្រុម Barcelona ក្រុមចំណាត់ថ្នាក់លេខ ១ ដែលមាន១៦ពិន្ទុដូចគ្នា។ Atletico Madrid មាន ១០ពិន្ទុដែលទើបតែឆ្លងកាត់ការប្រកួត ៥សប្តាហ៍ នៅចំណាត់ថ្នាក់ទី៥៕