ខ្សែប្រយុទ្ធ Neymar បានធ្វើការបដិសេធការផ្សព្វផ្សាយព័ត៌មានដែលថា រូបគេបានធ្វើការស្នើសុំឱ្យក្លិប Al-Hilal បណ្តេញគ្រូបង្វឹកលោក Jorge Jesus ចេញពីតំណែង ព្រោះមានរឿងរកាំរកូសជាមួយគ្នា។
ថ្មីៗនេះ កីឡាករប្រេស៊ីល ត្រូវបានរាយការណ៍ កំពុងមានភាពរកាំរកូសរវាងលោក Jorge Jesus បន្ទាប់ពីការប្រកួតស្មើគ្នា ១-១ ទល់នឹងក្រុម Navbahor Namangan នៅពានរង្វាន់ AFC Champions League។
ការប្រកួតនោះ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ បានរិះគន់ឥតលាក់បាំងមកលើ Neymar ដោយថា គេបានបង្ហាញអត្តចរិតមិនល្អលើទីលានប្រកួត។ លុះចប់ការប្រកួតទល់នឹងក្រុមមកពីអ៊ូបេគីស្ថាន Neymar ក៏បានប៉ះពាក្យសម្តីនឹងគ្រូបង្វឹកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ជាពិសេសមិនពេញចិត្តកាន់តែខ្លាំង ពាក់ព័ន្ធនឹងទម្រង់លេងក្រោមស្តង់ដានៃការចង់បាន។ ដូច្នេះហើយ អតីតកីឡាករ PSG កំពុងរំអុកឱ្យក្លិបដកលោក Jesus ចេញពីតំណែង បើទោះបីសេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៤។
យ៉ាងណាក៏ដោយ ជុំវិញរឿងនេះ Neymar បានធ្វើការបដិសេធការផ្សព្វផ្សាយទាំងអស់នោះ នឹងថា ជាព័ត៌មានមិនពិត កុហកបោកប្រាស់។
កីឡាករវ័យ ៣១ឆ្នាំ បានសរសេរលើគណនីសង្គមរបស់ខ្លួនថា៖ “ព័ត៌មានដែលផ្សព្វផ្សាយកន្លងមកជារឿងកុហកបោកប្រាស់។ ខ្ញុំសូមឱ្យអ្នកគ្រប់គ្នាបញ្ឈប់ការចែកចាយព័ត៌មានបែបនេះ ព្រោះវាមិនផ្តល់ការគោរពយ៉ាងខ្លាំងដល់រូបខ្ញុំ និងគ្រូបង្វឹកនោះទេ។”
Al-Hilal ទើបតែបានតែងតាំង លោក Jorge Jesus មកជាគ្រូបង្វឹកឡើងវិញ បន្ទាប់ពី លោកធ្លាប់បានដឹកនាំក្រុមឈ្នះពានរង្វាន់ Saudi Super Cup កាលពីរដូវកាល ២០១៨-១៩។
រីឯ Neymar ទើបតែបានចូលរួមជាមួយក្លិប Al-Hilal នៅក្របខណ្ឌ Saudi Pro League ក្រោយចាកចេញពីក្លិបបារាំង Paris Saint-Germain។ នៅក្លិបអារ៉ាប៊ីសាអ៊ូឌីតនេះ Neymar ទើបតែបានបង្ហាញខ្លួនចំនួន៣ដង និងមិនទាន់រកគ្រាប់បាល់បញ្ចូលទីនៅឡើយនោះទេ៕