×

Napoli ប្រឈមនឹងការប្ដឹងពីកីឡាកររបស់ខ្លួនក្រោយបង្ហោះវីដេអូសើចចំអក

ខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli កំពុងប្រើប្រាស់សិទ្ធិនៅក្នុងការចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងក្លិប បន្ទាប់ពីពួកគេបានបង្ហោះវីដេអូសើចចំអកមួយនៅក្នុង TikTok ហើយបានលុបចេញវិញ។

វីដេអូនោះ បានបង្ហាញពីការទាត់បាល់ប៉េណាល់ទីមិនចូលរបស់ខ្សែប្រយុទ្ធ Osimhen ក្នុងការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Bologna កាលពីថ្ងៃអាទិត្យ ហើយបានបញ្ចូលសំឡេងបន្ថែម។

ភ្នាក់ងាររបស់ Osimhen លោក Roberto Calenda បានសរសេរនៅលើ X ថា៖ “អ្វីដែលបានកើតឡើងនៅថ្ងៃនេះលើ TikTok ផ្លូវការរបស់ Napoli គឺមិនអាចទទួលយកបានទេ។ វីដេអូសើចចំអកឱ្យ Victor ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ហើយបន្ទាប់មក ត្រូវបានលុបចេញវិញ។
វាបណ្តាលឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សាមីកីឡាករ និងបន្ថែមបន្ទុកសម្រាប់កីឡាករដែលកំពុងជួបការលំបាកក្នុងរយៈពេលចុងក្រោយ ដោយសារប្រព័ន្ធផ្សព្វផ្សាយសង្គម និងព័ត៌មានក្លែងក្លាយ។
យើងរក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវច្បាប់ និងគំនិតផ្តួចផ្តើមដែលមានប្រយោជន៍ដើម្បីការពារ Victor” ។

ខ្សែប្រយុទ្ធនីហ្សេរីយ៉ាអាយុ ២៤ ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថាមានការតឹងសរសៃក ជាមួយអ្នកចាត់ការទូទៅរបស់ Napoli លោក Rudi Garcia អំឡុងពេលប្រកួតជាមួយនឹងក្រុម Bologna ។ គេត្រូវបានប្តូរចេញដោយនៅសល់ ៤ នាទីចុងក្រោយនៃការប្រកួតដែលគ្មានគ្រាប់បាល់។

កាលពីរដូវកាលមុន Osimhen បានជួយឱ្យ Napoli ឈ្នះជើងឯកលីគដំបូងក្នុងរយៈពេល ៣ ទសវត្សរ៍ ដោយស៊ុតបញ្ចូលទីបាន ២៦ គ្រាប់នៅក្របខណ្ឌ Serie A និង ៣១ គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ រូបគេនៅជាប់កុងត្រាជាមួយក្រុមអ៊ីតាលីនេះដល់ឆ្នាំ២០២៥៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង