×

រដ្ឋមន្ត្រីក្រសួងកីឡាបារាំងស្នើក្លិប Paris Saint Germain ចាត់វិធានការលើអ្នកគាំទ្រដែលរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា

ក្លិប Paris Saint Germain គួរតែចាត់វិធានការផ្លូវច្បាប់ជាផ្លូវការប្រឆាំងទៅនឹងអ្នកគាំទ្រខ្លួន សម្រាប់ការទទួលខុសត្រូវរបស់ពួកគេចំពោះការជេរប្រមាថអ្នកស្រលាញ់ភេទដូចគ្នា អំឡុងការប្រកួតក្របខណ្ឌ Ligue 1 ទល់នឹងក្រុម Olympique de Marseille កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងកីឡាបារាំងលោកស្រី Amelie Oudea Castera។

អំឡុងការប្រកួតដែលក្រុម PSG យកឈ្នះ Marseille លទ្ធផល ៤-០ ក្នុងកីឡដ្ឋាន Parc des Princes អ្នកគាំទ្រក្រុម PSG បានស្រែកច្រៀងអបអរជ័យជម្នះ ជាមួយនឹងការស្រែកហ៊ោកញ្ជ្រៀវសំដៅទៅកាន់ហ្វូងអ្នកគាំទ្រក្រុម Marseille។ ការស្រែកដោយមានលាយឡំជាមួយនឹងការទះដៃ មានអមដោយពាក្យជេប្រមាថសំដៅទៅអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។

ទាក់ទិនរឿងនេះ លោកស្រី Amelie Oudea Castera បានឱ្យដឹងថា៖ “វាជារឿងនឹកស្មានមិនដល់សម្រាប់ការប្រើប្រាស់ពាក្យប្រមាថ ចំពោះមនុស្សដែលស្រលាញ់ភេទដូចគ្នា។ ការស្រែកដោយការជេប្រមាថនេះត្រូវបានឮនៅកន្លែងឈររបស់អ្នកគាំទ្រ PSG ក្នុងកីឡដ្ឋាន Parc des Princes។ ខ្ញុំបានអញ្ជើញខាងក្លិប PSG ដើម្បីមកពន្យល់អំពីបញ្ហានេះ និងផ្តល់យុត្តិធម៍ដល់មនុស្សរងគ្រោះ ហើយអ្នកបន្តត្រូវបានបណ្តេញចេញពីកីឡដ្ឋាន។

លោកស្រី Oudea Castera បានអះអាងបន្ថែមថា បញ្ហាទាំងអស់នេះនឹងស្ថិតនៅក្នុងដៃ របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់បារាំង LFP ដើម្បីដោះស្រាយ។
ក្រោយពេលមានការអំពាវនាវពីសំណាក់រដ្ឋមន្ត្រីកីឡាបារាំង ក្លិប Paris Saint Germain ចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយបានអះអាងថា ក្លិបមានបំណងបង្កើតការងារបង្ការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រមាថលើមនុស្សស្រលាញ់ភេទដូចគ្នា ហើយនឹងជួបដៃគូទាំងអស់អំពីបញ្ហាសំខាន់ៗនេះ នៅប៉ុន្មានថ្ងៃខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង