×

ជំនួបដែលលុបចោលរវាង Ajax និង Feyenoord ប្រកួតឡើងវិញដោយមិនឱ្យអ្នកគាំទ្រចូលទស្សនាទេ

ជំនួបដែលលុបចោលរវាងក្រុម Ajax និង Feyenoord នៃលីគកំពូលហូឡង់ នឹងត្រូវបន្តការប្រកួតឡើងវិញ តែមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ហូឡង់ KNVB។

ការប្រកួតរវាងក្រុមទាំងពីរនៃក្របខណ្ឌ Eredivisie កាលពីថ្ងៃទី២៤ ខែកញ្ញា ត្រូវបានលុបចោល ក្រោយពេលអ្នកគាំទ្របានដុតកាំជ្រូចភ្លើងបោះចូលក្នុងទីលាន ហើយមន្ត្រីប៉ូលិសការពារសុវត្ថិភាពក្នុងកីឡដ្ឋានបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកគាំទ្រអោយចាកចេញពីកីឡដ្ឋាន។ ការប្រកួតនោះម្ចាស់ផ្ទះ Ajax បានរកគ្រាប់បាល់ចំនួន ៣គ្រាប់ នៅត្រឹមដើមវគ្គទីពីរ តែក៏ត្រូវបានផ្អាកបណ្តោះអាសន្ននៅក្នុងនាទី៥៦ មុនពេលការប្រកួតត្រូវបានលុបចោលទាំងស្រុង។ ការប្រកួតដែលធ្វើឡើងវិញ ត្រូវលេងសម្រាប់នាទីដែលនៅសល់ ដោយចាប់ផ្តើមពីលទ្ធផលចាស់។

ក្រុម Ajax បានសម្តែងការមិនយល់ស្របសម្រាប់ការសម្រេចចិត្តរបស់ KVNB ដោយលើកឡើងពីការព្រួយបារម្ភអំពីការកំណត់ពេល ហើយពួកគេកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់។

យ៉ាងណាសហព័ន្ធបាល់ទាត់ហូឡង់ បានចេញសេចក្តីថ្លែងការណ៍ការពារការសម្រេចចិត្តរៀបចំការប្រកួតឡើងវិញ ដោយថា គោលការណ៍ជាមូលដ្ឋានគឺការប្រកួតត្រូវតែមានភាពយុត្តិធម៍តាមដែលអាចធ្វើទៅបាន ហើយការប្រកួតគួរតែសម្រេចចិត្តនៅលើទីលាន បន្ទាប់ពីមកការប្រកួតត្រូវតែបន្តឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ការប្រកួតដែលនឹងត្រូវបន្តបង្គ្រប់ពេលវេលាបន្ថែមរវាងក្រុម Ajax និង Feyenoord នឹងធ្វើឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២៧ ខែកញ្ញា រីឯការប្រកួតក្របខណ្ឌ Eredivisie រវាងក្រុម Ajax និង FC Volendam ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកញ្ញា ក៏នឹងត្រូវពន្យាពេលទៅថ្ងៃក្រោយដែរ។
ក្រុម Ajax ដែលចាប់ផ្តើមការប្រកួតរដូវកាលថ្មីមិនសូវល្អ បច្ចុប្បន្នពួកគេកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ១៤ ចំណោមក្រុមទាំង ១៨ ដែលត្រូវប្រកួតប្រជែងសម្រាប់ពានរង្វាន់ Eredivisie។

កាលរដូវកាលមុនពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ ៣ នឹងខកខានឈានជើងឡើងដល់ការប្រកួត UEFA Champions League លើកដំបូងបន្ទាប់ពីបានបង្ហាញវត្តមានចំនួន ១៣ រដូវកាលរួចមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង