×

អតីតគ្រូបង្វឹក Valencia លោក Gennaro Gattuso ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី Marseille

ក្លិប Olympique de Marseille បានតែងតាំងលោក Gennaro Gattuso មកជាគ្រូបង្វឹកថ្មី ជំនួស លោក Marcelino ដែលបានស្នើសុំលាលែងពីតំណែង កាលពីពេលកន្លងទៅ។

បុរសវ័យ ៤៥ ឆ្នាំ ត្រូវបានរាយការណ៍ថា បានចុះកុងត្រាដឹកនាំនាទឹកដី Vélodrome រហូតដលខែមិថុនា ឆ្នាំ២០២៤ អមជាមួយជម្រើសបន្លាយកុងត្រារយៈពេល១ឆ្នាំផងដែរ។

ក្នុងការទទួលបានតំណែងដឹកនាំ Marseille នេះ លោក Gennaro Gattuso បានឱ្យដឹងថា លោកមានភាពរីករាយនឹងត្រៀមខ្លួនក្នុងការជួយក្លិបថ្មីឱ្យទទួលបានជោគជ័យក្នុងការប្រកួតនានា។
លោក Gennaro Gattuso បានមកជំនួសតំណែងគ្រូបង្វឹកជនជាតិអេស្ប៉ាញ Marcelino ដែលលាលែងពីតំណែងក្រោយមានជម្លោះតានតឹងជាមួយក្រុមអ្នកគាំទ្ររបស់ក្លិប។

អតីតខ្សែបម្រើជនជាតិអ៊ីតាលីរូបនេះ ធ្លាប់បានដឹកនាំអតីតក្លិបដែលខ្លួនធ្លាប់លេងជាមួយគឺក្លិប AC Milan មុនចាកចេញទៅដឹកនាំ Napoli ក្នុងឆ្នាំ២០១៩។ លោក Gattuso បានកាន់ការងារចុងក្រោយជាមួយក្លិប Valencia នៅក្របខណ្ឌ La Liga ប៉ុន្តែក៏ត្រូវបានបណ្តេញចេញកាលពីខែមករា ឆ្នាំ២០២៣ ពោលគឺ៧ខែបន្ទាប់ពីបានកាន់តំណែង។

ដោយឡែក ក្លិប Marseille បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៨ ក្នុងតារាងក្របខណ្ឌ Ligue 1 បន្ទាប់ពីឈ្នះ ២ ស្មើ ២ និងចាញ់ ១ ។ ពួកគេបានបរាជ័យក្នុងការទទួលបានកៅអីទៅលេង UEFA Champions League នៅរដូវកាលនេះ។

ការប្រកួតជាបន្តគឺ Marseille នឹងត្រូវប៉ះ AS Monaco នៅចុងសប្តាហ៍នេះ មុនពេលទទួលក្រុម Brighton ក្នុងការប្រកួត Europa League នៅថ្ងៃទី៥ ខែតុលាខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង