ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Victor Osimhen បាននិយាយថា សាមីកីឡាកររក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្លិប Napoli បន្ទាប់ពីក្លិបដែលរូបគេកំពុងប្រកអាជីពជាមួយនេះ បានបង្ហោះវីដេអូចំអកឱ្យខ្លួន។
ក្លិប Napoli បានបង្ហោះវីដេអូនៅលើគណនីសង្គម TikTok ផ្លូវការរបស់ក្លិប ដោយបង្ហាញពីកីឡាករជនជាតិនីហ្សេរីយ៉ា វ័យ២៤ឆ្នាំ បានទាត់បាល់ពិន័យ១១ម៉ែត្រខុសគោលដៅ អំឡុងការប្រកួតទល់នឹងក្រុម Bologna នៅក្របខណ្ឌ Serie A កាលពីចុងសប្តាហ៍មុន ដោយវីដេអូនោះក៏បានបន្ថែមសំឡេងបែបចំអកថែមទៀត ប៉ុន្តែ វីដេអូនោះ ត្រូវក្លិបបានលុបចេញវិញនៅពេលក្រោយផងដែរ។
ទោះយ៉ាងណា ភ្នាក់ងាររបស់ Victor Osimhen លោក Roberto Calenda បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅលើគណនីសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter នោះ ដោយនិយាយថាវីដេអូនេះបណ្តាលឱ្យមាន ខូចខាតយ៉ាងធ្ងន់ធ្ងរដល់កីឡាករ។
លោក Calenda បាននិយាយថា៖ “អ្វីដែលបានកើតឡើងនៅថ្ងៃនេះនៅលើគណនីសង្គម TikTok ផ្លូវការរបស់ក្លិប Napoli គឺមិនអាចទទួលយកបានទេ។ វីដេអូចំអកអោយ Victor Osimhen ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែឥឡូវនេះត្រូវបានលុបចោល។ យើងរក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ និងគំនិតផ្តួចផ្តើមមានប្រយោជន៍ផ្សេងទៀតដើម្បីការពារ Victor Osimhen។”
សម្រាប់ក្លិប Napoli មិនបានឆ្លើយតបភ្លាមៗចំពោះរឿងរ៉ាវដែលបានកើតឡើងនោះទេ។
Victor Osimhen បានចូលរួមជាមួយ Napoli ដោយផ្ទេរពីក្លិបបារាំង Lille កាលពីឆ្នាំ២០២០ ក្នុងតម្លៃ ៨១,៣ លានអឺរ៉ូ ដោយបានរួមចំណែកជួយក្រុម ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំកាលពីរដូវកាលមុន។ រូបគេស៊ុតបញ្ចូលទី៦៣គ្រាប់ ក្រោយពីបង្ហាញខ្លួនបាន១០៨ដង។ កន្លងទៅ Victor Osimhen ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការផ្លាស់ទៅចូលរួម Chelsea និង Manchester United កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅផងដែរ៕