
ជាមោទកភាពមួយសម្រាប់កម្ពុជា ដែលមានអាជ្ញាកណ្ដាលរបស់ខ្លួនតំណាងនៅក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ី ខណៈមន្ត្រីកាត់សេចក្ដីចំនួនពីររូបរបស់កម្ពុជា ត្រូវបានផ្ដល់ភារកិច្ចនៅក្នុងការប្រកួត ព្រឹត្តិការណកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ ប្រទេសចិន។

អាជ្ញាកណ្តាលស្ត្រីកម្ពុជា កញ្ញា ជា ថារី គ្រូបង្វឹកកីឡាការ៉ាតេរបស់សមាគមន៍ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission) និងកញ្ញា ប្លុង ពេជ្រអក្ខរ៉ា ជាប់ជាអាជ្ញាកណ្តាលកម្ពុជាពីររូប ត្រូវបានឱ្យកាត់ក្តីក្នុងការប្រកួតកីឡាអាស៊ី។ ថារី ជាចៅក្រមដាក់ពិន្ទុ លើប្រភេទកីឡាការ៉ាតេ ខណៈ ពេជ្រអក្ខរ៉ា ដែលជាអាជ្ញាកណ្ដាលអន្ដរជាតិ FIFA ត្រូវបានជ្រើសជាអាជ្ញាកណ្ដាលកាត់ក្ដី ក្នុងការប្រកួតបាល់ទាត់នារី។
ស្ដ្រីកម្ពុជាទាំង ២រូប ត្រូវបានអន្ដរជាតិទទួលស្គាល់លើសមត្ថភាព និងជំនាញលើកីឡាផ្សេងពីគ្នា ប៉ុន្ដែពួកគាត់មានចំណុចដូចគ្នានោះ គឺការប្រឹងប្រែង និងមានគោលដៅច្បាស់លាស់ដូច។
កញ្ញា ជា ថារី បានចំណាយពេលវេលា ២២ឆ្នាំក្នុងវិស័យកីឡាការ៉ាតេ គិតចាប់ពីឆ្នាំ២០០១ មកទល់ពេលនេះ។ កញ្ញាបានចំណាយពេល ៧ឆ្នាំចុងក្រោយ ធ្វើជាអាជ្ញាកណ្ដាលដោយបានប្រឹងប្រែងហ្វឹកហាត់ រៀនវគ្គបណ្ដុះបណ្ដាលនានា ដើម្បីចូលរួមប្រឡងទទួលសញ្ញាបត្រ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី។ ចំណែកកញ្ញា ពេជ្រអក្ខរ៉ា មានបទពិសោធកាត់ក្ដីនៅក្នុងស្រុក និងក្នុងការប្រកួតកម្រិតអន្តរជាតិ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យនេះ អស់រយៈពេលជិត ១០ឆ្នាំ៕