×

ក្រុមបាល់ទាត់នារីអេស្ប៉ាញ ត្រៀមវិលចូលប្រកួតវិញ ក្រោយបញ្ចប់ពហិការ

ក្រុមបាល់ទាត់ជម្រើសជាតិនារីអេស្ប៉ាញ ត្រៀមខ្លួនរួចរាល់សម្រាប់ការវិលចូលការប្រកួតវិញ បន្ទាប់ពីបានបញ្ចប់ការធ្វើពហិការអស់រយៈពេលខ្លី ជុំវិញករណីថើបមាត់កីឡាការិនី Jenni Hermoso ពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales។

ក្រុមនារីអេស្ប៉ាញអះអាងថា ពួកនាងបានមានភាពធូរស្រាលហើយ អាចផ្តោតលើការងារប្រចាំថ្ងៃ បន្ទាប់ពីមានបញ្ហារយៈពេលជាង១ខែកន្លងមក។ បញ្ហាបានចប់ ក្រោយពេលដែលសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បានផ្លាស់ប្តូរលោក Rubiales និងគ្រូបង្វឹកក្រុមអំឡុង World Cup។

យ៉ាងណា ក្រោយពេលវិលត្រលប់សម្រាប់ការប្រកួតឡើងវិញ ក្រុមនារីអេស្ប៉ាញសល់រយៈពេលមិនដល់ ១សប្តាហ៍ ដើម្បីត្រៀមខ្លួនហ្វឹកហាត់សាជាថ្មី សម្រាប់ការប្រកួតពានរង្វាន់ Nation League ពូល A ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា។

កាលពី World Cup 2023 វគ្គផ្តាច់ព្រ័ត្រដែលបានបញ្ចប់នៅក្នុងប្រទេសអូស្ត្រាលីដែលធ្វើជាម្ចាស់ផ្ទះ ក្រុមនារីអេស្ប៉ាញគ្រងជើងឯក អំឡុងពេលដែលកម្មវិធីប្រគល់ពានរង្វាន់ដល់ក្រុមជើងឯកនារីអេស្ប៉ាញ លោក Rubiales បានចូលរួមផ្តល់ការបំពាក់មេដាយដោយបានថើបកីឡាការិនីជាច្រើនរូប។ រូបភាពទាំងនេះប្រធាន FIFA លោក Gianni Infantino បានចាក់ទុកទង្វើររបស់លោក Rubiales ថាបានបំផ្លាញការអបអរជ័យជម្នះរបស់ក្រុមជើងឯក។

បន្ទាប់ពីមានការអំពាវនាវទៅលើរឿងការថើបត្រង់បបូរមាត់លើកីឡាការិនី Hermoso អ្នកគាំទ្រជាច្រើនទាំងនៅអេស្ប៉ាញនិងពិភពលោកបានរិះគន់ខ្លាំងលើលោក Rubiales មិនតែប៉ុណ្ណោះមន្ត្រីរដ្ឋាពិបាលនៃប្រទេសអេស្ប៉ាញក៏បានអំពាវនាវឱ្យមេសហព័ន្ធរូបនោះចុះចេញពីតំណែង។

យ៉ាងណាបើតាមប្រភពនៃសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF ក្រោយបញ្ចប់បញ្ហា មន្ត្រីសហព័ន្ធ RFEF ចន្លោះ ៦ ទៅ ៩នាក់ ត្រូវបានបញ្ចប់តំណែង ដើម្បីអាចឈានដល់ការបញ្ចប់នៃកិច្ចព្រមព្រៀងការធ្វើពហិការ។ អគ្គលេខាធិការសហព័ន្ធលោក Andreu Camps និង Miguel Garcia Caba នាយកនៃផ្នែកសុចរិតភាព គឺជាបុគ្គលដំបូងដែលត្រូវបានបណ្តេញចេញពីតំណែង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង