ខ្សែប្រយុទ្ធ Lionel Messi បានត្រឹមអង្គុយមើលក្រុម Inter Miami ខណៈក្រុមរងបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open Cup ក្រោមថ្វីជើងក្រុម Houston Dynamo ក្នុងលទ្ធផល ២-១។
លោក Gerardo Martino គ្រូបង្វឹកក្រុម Miami បាននិយាយថាលោកនឹងនៅរង់ចាំតារាបាល់ទាត់កំពូលរបស់ក្រុមរហូតដល់ពេលវេលាចុងក្រោយនៃការសម្រេចចិត្តបញ្ជាក់ពីការរបួស ឬក៏អាចចូលលេងវិញបាន ប៉ុន្តែការបង្ហាញបញ្ជីឈ្មោះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងកីឡដ្ឋាន DRV PNK ប្រធានក្រុម Messi គ្មានឈ្មោះឡើយ។
Messi និង Jordi Alba អតីតមិត្តរួមក្រុមនៅ Barcelona បានអង្គុយទស្សនាការប្រកួតជាមួយគ្នា ព្រោះតែបញ្ហារបួសរៀងៗខ្លួន។ កីឡាករទាំងពីរត្រូវបានគេមើលឃើញអង្គុយនៅត្រង់ទីតាំងរបស់ភ្ញៀវកំពូលៗរបស់ក្លិប។
US Open Cup ជាពានរង្វាន់ទីពីរសម្រាប់ Inter Miami ដែលត្រូវប្រជែង ប៉ុន្តែរបូតបាត់ទៅហើយក្នុងរដូវកាលដែលនៅសល់នេះ។ League Cup ជាពានរង្វាន់ទីមួយរបស់ Miami ចាប់តាំងពីពួកគេមានវត្តមាន Messi ក្នុងក្រុម និជាពានលើកដំបូងប្រចាំប្រវត្តិសាស្ត្រក្លិប។
Messi បានជួបបញ្ហារបួសក្រោយបានបង្ហាញខ្លួនលេងឱ្យ Inter Miami ទល់នឹងក្រុម Toronto FC កាលពីសប្តាហ៍មុនដោយលេងបាន ៣៦នាទីរូបគេត្រូវបានប្តូរចេញ ហើយប៉ុន្មាននាទីក្រោយមក Alba ក៏បានផ្លាស់ប្តូរចេញថែមទៀត។
បើទោះជាកីឡាករសំខាន់ៗស្ថិតក្នុងបញ្ហារបួសក៏ដោយក្តី លោក Martino បានរំពឹងថាកីឡាករទាំងពីរនឹងអាចវិលត្រលប់ក្នុងពេលដ៏ខ្លីសម្រាប់បន្តប្រជែងកៅអីវគ្គ Playoffs នៃពានរង្វាន់ MLS ដែលក្រុមកំពុងតែប្រម៉ាញ់ដើម្បីជៀសផុតពីការកាត់ចោល៕