×

សហព័ន្ធប្រដាល់សកល គ្រោងស្នើសុំក្រសួងអប់រំឱ្យជម្រើសជាតិខ្លួនអាចចេញប្រកួតខាងក្រៅបាន ក្នុងពេលហ្វឹកហាត់បិទខ្ទប់

យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាអះអាងថា លោកនឹងស្នើសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់អទិភាពជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ដែលហ្វឹកហាត់បិទខ្ទប់ ក្នុងជំរុំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកបានបញ្ជាក់បែបនេះ ក្រោយបញ្ចប់កិច្ចកិច្ចប្រជុំមួយជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនិជម្រើសជាតិប្រដាល់សាកល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

លោក ប៊ុយ សុភ័ណ្ឌ បន្ថែមថា ការហ្វឹកហាត់បិទខ្ទប់នេះ គឺដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតអន្តរជាតិនានា ហើយដោយសារការហ្វឹកហាត់នេះអាចបង្កើនគុណភាពកាន់តែល្អប្រសើរបាន ត្រូវមានអមជាមួយនឹងការប្រកួតដែរ ដូច្នេះហើយទើបសហព័ន្ធចង់ស្នើសុំទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីជម្រើសជាតិប្រដាល់សាកល ដែលហ្វឹកហាត់បិទខ្ទប់ទាំងនោះ អាចចូលរួមប្រកួតតាមសង្វៀនស្ថានីយនានា និងកម្មវិធីប្រកួត ដែលរៀបចំដោយសហព័ន្ធដូចធម្មតា ដើម្បីជួយពង្រឹងសមត្ថភាពពួកគាត់ឱ្យកាន់តែមានសក្តានុពល ត្រៀមប្រកួតកម្រិតអន្តរជាតិ នាពេលខាងមុខ។

អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា៖ “គោលដៅ ដែលសហព័ន្ធស្នើឱ្យកីឡាករ កីឡាការិនីហ្វឹកហាត់ក្នុងអំឡុងពេលបិទខ្ទប់ បានចេញមកប្រកួតតាមសង្វៀននានា ព្រោះសហព័ន្ធយល់ឃើញថា ការហ្វឹកហាត់តែមួយមុខ មិនមានការប្រកួតដកស្រង់បច្ចេកទេស នឹងធ្វើឱ្យកីឡាករ កីឡាការិនីមិនមានការរីកចម្រើនខ្លាំងទេ។ ដូច្នេះ សហព័ន្ធចាំបាច់ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យក្រុមជម្រើសជាតិអាចចេញប្រកួតបាន។ ប្រសិនបើក្រសួងអនុញ្ញាត សហព័ន្ធនឹងបន្តតាមដានដោយការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងដាក់ផែនការតឹងរ៉ឹងបំផុត ពោលគឺពេលប្រកួតចប់ ត្រូវចូលជំរំហ្វឹកហាត់វិញភ្លាមៗ មិនអនុញ្ញាតឲ្យចេញទៅណាក្រៅផ្សេងឡើយ ដើម្បីបង្ការពីការឆ្លងជំងឺកូវីដ១៩”។

គួរបញ្ជាក់ថា កីឡាករ កីឡាការិនីជម្រើសជាតិកីឡាប្រដាល់សាកល នឹងចាប់ផ្តើមចូលជំរុំហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិមរតកតេជោ រយៈពេល៣ខែ ចាប់ពីថ្ងៃទី១១ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២១៕

ប្រភព៖ Camsoc

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង