កីឡាការិនីកូរ៉េខាងជើង Kim Il Gyong បានបំបែកកំណត់ត្រាពិភពលោក លើវិញ្ញាលើកទម្ងន់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នាទីក្រុង Hangzhou ប្រទេសចិន។
ជាការពិត នារីវ័យ២០ឆ្នាំរូបនេះដណ្តើមបានមេដាយមាសលើវិញ្ញាសាទម្ងន់ ៥៩គីឡូក្រាម ដោយលើកបានដល់ទម្ងន់១១១គីឡូក្រាម បំបែកកំណត់ត្រា ១១០ គីឡូក្រាមរបស់ម្ចាស់ជើងឯកអូឡាំពិកកីឡាការិនី Kuo Hsing-Chun មកពីកោះតៃវ៉ាន់ដែលធ្វើបានកាលពីឆ្នាំ ២០២១។
Kim Il Gyong ក៏បានក្លាយជាកីឡាការិនីលើកទម្ងន់ស្ត្រីទី៣ របស់ប្រទេសអាស៊ីបូព៌ាដែលបានចារចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក។
ប្រទេសកូរ៉េខាងជើង ត្រូវបានចាត់ទុកថាមិនអនុលោមតាមទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ ហើយការប្រកួតលើកទម្ងន់ក្លាយជាការប្រកួតអន្តរជាតិលើកដំបូងរបស់ប្រទេសនេះចាប់តាំងពីមុនពេលកើតមានជំងឺរាតត្បាតកូវីដ១៩។
ក្រឡេកទៅមើលការប្រកួតផ្សេងទៀតគឺ ក្រុមអត្តពលិកកោះតៃវ៉ាន់ បានដណ្តើមយកមេដាយមាសក្នុងវិញ្ញាសា ជិះស្គីបណ្តាក់ចម្ងាយ ៣០០០ម៉ែត្រ ខណៈក្រុមអត្តពលិកកូរ៉េខាងត្បូងទទួលបានមេដាយប្រាក់ ហើយក្រុមអត្តពលិកឥណ្ឌាទទួលបានមេដាយសំរិទ្ធ។
រីឯ វិញ្ញាសាកាយសម្ព័ន្ធសម្តែងលោតលើអាកាសវិញគឺ ជ័យជំនះមេដាយមាស បានទៅលើកីឡាការិនីម្ចាស់ផ្ទះ Zhu Xueying ខណៈមេដាយប្រាក់ក៏បានទៅលើម្ចាស់ផ្ទះដែរគឺកីឡាការិនី Hu Yicheng ហើយមេដាយសំរិទ្ធបានទៅលើកីឡាការិនីកាហ្សាក់ស្ថាន Viktoriya Butolina។
មកទល់ពេលនេះម្ចាស់ផ្ទះចិននៅតែជាអ្នករកមេដាយច្រើនជាងគេ ដោយមាន ២៧០ មេដាយ ក្នុងនោះមេដាយមាស ១៤៧ ប្រាក់៨១ និងសំរិទ្ធ៨២។ ជប៉ុនរកបានលំដាប់ទី២ មាន១២២មេដាយ ដោយមានមេដាយមាស ៣៣ ប្រាក់៤៤ និង សំរិទ្ធ ៤៥ ហើយកូរ៉េខាងត្បូងកំពុងស្ថិតក្នុងលំដាប់ទី៣ មានមេដាយ ១៣៣គ្រឿង មាស៣១ ប្រាក់៣៩ និង សំរិទ្ធ៦៣៕