ចក្រភពអង់គ្លេស និងអៀរឡង់ ត្រូវបានរំពឹងថានឹងក្លាយជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ EURO 2028 បន្ទាប់ពីប្រទេសតួកគី បានដកខ្លួនចេញពីការដេញថ្លៃ។
ប្រទេសតួកគី បានសហការគ្នាជាមួយប្រទេសអ៊ីតាលី ដើម្បីធ្វើជាម្ចាស់ផ្ទះ EURO 2032 បន្ទាប់ពីការអនុម័តរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដែលមានន័យថា ចក្រភពអង់គ្លេស និងអៀរឡង់ គឺជាបេក្ខភាពតែមួយគត់ដែលនៅសល់ក្នុងដំណើរការនៃការដេញថ្លៃជាម្ចាស់ផ្ទះព្រឹត្តិការណ៍ EURO 2028។ ប្រទេសទាំងពីរ គ្រោងនឹងប្រកាសពីភាពជោគជ័យនៅទីក្រុង Nyon នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ UEFA បានបញ្ជាក់ថា ព្រឹត្តិការណ៍ EURO 2028 និង 2032 នឹងផ្ដល់សិទ្ធិជូនចក្រភពអង់គ្លេស-អៀរឡង់ និង តួកគី-អ៊ីតាលី ដោយរង់ចាំការយល់ព្រមពីគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ។
កីឡដ្ឋាន Aviva និង Casement Park ដែលជិតសាងសង់ ស្ថិតក្នុងចំណោមកីឡដ្ឋានទាំង ១០ សម្រាប់ការដេញថ្លៃរួមបញ្ចូលគ្នារវាងប្រទេសអៀរឡង់ និងចក្រភពអង់គ្លេស។ កីឡដ្ឋានចំនួន ៨ ផ្សេងទៀតគឺ Wembley, Tottenham Hotspur Stadium, Etihad, Bramley-Moore Dock ថ្មីរបស់ Everton, Villa Park និង St James’ Park នៅអង់គ្លេស ខណៈកីឡដ្ឋាន Hampden Park ស្ថិតក្នុងប្រទេសស្កុតឡែន និងពហុកីឡដ្ឋានជាតិ Cardiff ក្នុងប្រទេសវែលស៍៕