×

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រកាសចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2034

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសថា ពួកគេនឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2034 ដែលការប្រកាសនេះធ្វើឡើង បន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានអញ្ជើញប្រទេសមកពីតំបន់អាស៊ី និងអូសេអានី ដើម្បីដាក់សំណើដេញថ្លៃ។

សមាគមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi FA បាននិយាយថា៖ “ពួកគេនឹងធ្វើការដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់បាល់ទាត់ពិភពលោកឆ្នាំ២០៣៤ ដោយមានបំណងផ្តល់នូវការប្រកួតលំដាប់ពិភពលោក ហើយនឹងទាក់ទាញការបំផុសគំនិតពីការផ្លាស់ប្តូរសង្គម និងសេដ្ឋកិច្ចដែលកំពុងបន្តយ៉ាងរលូនរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។”

សម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034 នេះដែរ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចង់បង្ហាញពីភាពរីកចម្រើនរបស់ប្រទេសខ្លួននៅក្នុងវិស័យបាល់ទាត់ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ លំដាប់ពិភពលោក និងផែនការក្នុងការស្វាគមន៍អ្នកគាំទ្រជុំវិញពិភពលោកទៅកាន់ការប្រកួត  FIFA Club World Cup ឆ្នាំ ២០២៣ និង  AFC Asian Cup ឆ្នាំ ២០២៧។

ការប្រកាសរបស់អារ៉ាប៊ីសាអ៊ូឌីតបានកើតឡើងភ្លាមៗ បន្ទាប់ពី FIFA បានដាក់ឈ្មោះប្រទេសម៉ារ៉ុក អេស្ប៉ាញ និងព័រទុយហ្គាល់ធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០ ដោយមានប្រទេស អ៊ុយរុយហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយធ្វើជាម្ចាស់ផ្ទះការប្រកួតបើកឆាក ដើម្បីរំឭកខួប១០០ឆ្នាំនៃការបង្កើតការប្រកួតបាល់ទាត់ពិភពលោកនេះ។

ដោយឡែក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ នាពេលខាងមុខ នឹងមានការប្រើប្រាស់ទម្រង់ថ្មីដែលនឹងមានក្រុមចូលរួមប្រកួតប្រជែងចំនួន ៤៨ ក្រុម ដោយមានសហម្ចាស់ផ្ទះចំនួន ៣ រៀបចំការប្រកួតនេះគឺ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង