សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសថា ខ្លួនបានសម្រេចដងបម្រាមមួយចំនួនចំពោះប្រទេសរុស្ស៊ី ដោយអនុញ្ញាតឱ្យក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម១៧ឆ្នាំ ទាំងផ្នែកបុរស និង នារីរបស់ប្រទេសនេះ អាចចូលរួមការប្រកួតអន្តរជាតិវិញបាន។
ការលើកលែងបម្រាមរបស់ FIFA បានធ្វើឡើងបន្ទាប់ពី សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានដកបម្រាមស្រដៀងគ្នា លើក្រុមបាល់ទាត់ជម្រើសជាតិយុវជនរុស្ស៊ីរួចហើយ។
ជុំវិញរឿងនេះ FIFA បានចេញសេចក្តីថ្លែងការណ៍មួយថា៖ “វាគឺជាលក្ខខណ្ឌសម្រាប់ក្រុមទាំងនេះដែលលេងក្នុងនាមជា សហភាពបាល់ទាត់នៃប្រទេសរុស្ស៊ី ជាជាងការលេងតំណាងឱ្យប្រទេសរុស្ស៊ី ក្នុងករណីដែលគ្មានទង់ជាតិ ភ្លេងជាតិរុស្ស៊ី។ ពួកគេលេងក្រោមភាពជាអព្យាក្រឹត។”
ក្រុមបាល់ទាត់មកពីប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់ មិនឱ្យប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា បន្ទាប់ពីការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ស្ថាប័ន UEFA បានសម្រេចចិត្តបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ថា ក្រុមបាល់ទាត់របស់រុស្ស៊ីទាំងអស់ ទាំងក្រុមជាតិ ឬក្លិបទាំងឡាយ នឹងត្រូវបានព្យួរពីការចូលរួមក្នុងការប្រកួតរបស់ខ្លួន។
យ៉ាងណាមិញ ថ្មីៗនេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បាននិយាយថា ក្រុមយុវជនមិនគួរត្រូវបានពិន័យចំពោះសកម្មភាពដែលទទួលខុសត្រូវចំពោះមនុស្សពេញវ័យទេ ហើយថាក្រុមយុវជន U-17 របស់រុស្សីនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតកម្មវិធីរបស់ UEFA ក្នុងរដូវកាលនេះវិញ។
ដោយឡែក សមាគមបាល់ទាត់អ៊ុយក្រែនបានជំទាស់ និងជំរុញឱ្យស្ថាប័ន UEFA ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន ហើយអ៊ុយក្រែនបាននិយាយថា ពួកគេនឹងមិនលេងក្នុងការប្រកួតដែលពាក់ព័ន្ធនឹងក្រុមបាល់ទាត់រុស្ស៊ីឡើយ។
ទន្ទឹមនឹងនេះ ប្រទេសអង់គ្លេស ន័រវែស ស៊ុយអែត និងដាណឺម៉ាក ក៏បាននិយាយដែរថា ក្រុមយុវជនរបស់ពួកគេ ក៏នឹងមិនប្រកួតជាមួយក្រុមយុវជនរុស្ស៊ី បើទោះបីជា UEFA បានសម្រេចចិត្តឱ្យមានការប្រកួតក៏ដោយ៕