កីឡាករ Paris Saint Germain ចំនួន៤រូប ត្រូវបានព្យួរឈ្មោះ សម្រាប់ការស្រែកច្រៀងដោយប្រើពាក្យប្រមាថលើការស្រលាញ់ភេទដូចគ្នា។ នេះបើតាមការប្រកាសពីសមាគមកីឡាករបាល់ទាត់អាជីពបារាំង IFL។
កីឡាករទាំង៤រូបដែលត្រូវព្យួរឈ្មោះមាន Randal Kolo Muani, Ousmane Dembele, Achraf Hakimi និង Layvin Kurzawa ត្រូវបានព្យួរពីក្រុមចំនួន ១ប្រកួត សម្រាប់ការស្រែកច្រៀងដោយប្រើពាក្យប្រមាថលើការស្រលាញ់ភេទដូចគ្នា ជាមួយក្រុមអ្នកគាំទ្រ អំឡុងការប្រកួតក្នុងក្របខណ្ឌ Ligue 1។
រឿងហេតុកើតឡើងអំឡុងការប្រកួតក្របខណ្ឌ Ligue 1 រវាង PSG ទល់នឹងក្រុម Olympique de Marseille នាកីឡដ្ឋាន Parc des Princes។
អ្នកគាំទ្រត្រូវបានឮថា បានស្រែកច្រៀងអបអរជ័យជម្នះដោយប្រើពាក្យលាយឡំនឹងការរើសអើងលើការស្រលាញ់ភេទដូចគ្នា ទៅកាន់ក្រុម Marseille ហើយហេតុការណ៍នោះក៏ត្រូវបានគេរាយការណ៍ថា ក៏មានកីឡាករស្ថិតក្នុងនោះផងដែរ។
ក្នុងនោះដែរ ស្ថាប័ន IFL បានសម្រេចព្យួរទីតាំងឈរក្នុងកីឡដ្ឋានដែលមានឈ្មោះថា Auteuil នៅក្នុងកីឡដ្ឋាន Parc des Princes សម្រាប់ ២ប្រកួតផងដែរ។
ក្រោយរងការពិន័យ ក៏ដូចជាការព្យួរពីសំណាក់ IFL ក្លិប PSG ក៏បានបង្ហាញក្តីសោកស្តាយចំពោះរឿងហេតុដែលកើតឡើង។
ក្លិប PSG បានចេញសេចក្តីថ្លែងការណ៍ថា៖ “ក្លិបពិតជាសោកស្តាយដែលគណៈកម្មាការវិន័យបានជ្រើសរើសវិធានការហួសហេតុ និងជាសមូហភាព ដែលទំនងជាធ្វើឱ្យប៉ះពាល់ដល់ការងារកិច្ចសន្ទនា និងការទប់ស្កាត់ដែលធ្វើឡើងដោយក្លិបជាមួយនឹងសមាគម ស្ថាប័ន និងអ្នកគាំទ្រ។”
ទន្ទឹមនឹងនេះដែរ ក្លិប PSG បានអះអាងថានឹងមិនដាក់ពាក្យប្តឹងឧទ្ធរណ៍ឡើយ ចំពោះការសម្រេចរបស់សមាគមកីឡាករបាល់ទាត់អាជីពបារាំង ៕