×

កីឡាករកេនយ៉ា Kelvin Kiptum បំបែកឯតទគ្គកម្មពិភពលោកការប្រកួតរត់ម៉ារ៉ាតុង

កីឡាករកេនយ៉ា Kelvin Kiptum បានបំបែកឯតទគ្គកម្មពិភពលោកលើការប្រកួតរត់ម៉ារ៉ាតុងបុរសកម្មវិធី Chicago Marathon 2023 ដែលធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក។

ជាការពិត ក្នុងការរត់ចម្ងាយផ្លូវប្រមាណ 42.195 គីឡូម៉ែត្រ កីឡាករវ័យ២៣ឆ្នាំ បានរត់បញ្ចប់ទីព្រ័ត្រ ប្រើពេលត្រឹមតែ ២ម៉ោង ០នាទីនិង៣៥វិនាទីតែប៉ុណ្ណោះ។

ជោគជ័យនេះ Kelvin Kiptum បានបំបែកកំណត់ត្រាកំណត់ត្រាពិភពលោករបស់ខ្លួន ដែលបានបង្កើតឡើងកាលពីកម្មវិធី London Marathon 2023 ក្នុងខែមេសា ដោយកាលណោះរូបគេបានចាយពេលអស់ ២ម៉ោង ១នាទី និង២៥វិនាទី។

ដោយឡែក សម្រាប់ចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតវិញគឺបានទៅលើកីឡាករ Benson Kipruto ជនជាតិកេនយ៉ាដូចគ្នា ប្រើពេលអស់ ២ម៉ោង ៤នាទី ២វិនាទី ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើ កីឡាករបែលហ្ស៊ិក Bashir Abdi ប្រើពេលអស់ ២ម៉ោង ៤នាទី និង៣២វិនាទី។

រីឯលទ្ធផលការប្រកួតផ្នែកនារីវិញ កីឡាការិនីហូឡង់ Sifan Hassan ជាអ្នកទទួលបានជ័យជម្នះ ប្រើពេលអស់ ២ម៉ោង ១៣នាទី និង៤៤វិនាទី កីឡាការិនីកេនយ៉ា បានចំណាត់ថ្នាក់លេខ២ ប្រើពេលអស់ ២ម៉ោង ១៥នាទី និង៣៧វិនាទី ហើយកីឡាការិនីអេត្យូពី Megertu Alemu បានចំណាត់ថ្នាក់លេខ៣ ប្រើពេលអស់ ២ម៉ោង ១៧នាទី និង៩វិនាទី។

សូមបញ្ជាក់ថា កម្មវិធី Chicago Marathon 2023 គឺជាទីលានទី៥ ក្នុងចំណោម៦នៃ ការប្រកួតរត់ម៉ារ៉ាតុនលំដាប់ពិភពលោក World Marathon Majors ឆ្នាំ២០២៣។ កម្មវិធីចុងក្រោយគឺជាកម្មវិធី New York City Marathon ធ្វើឡើងនាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ នាទីក្រុង New York សហរដ្ឋអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង