អតីតប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Sepp Blatter បានរិះគន់ចំពោះការសម្រេចចិត្ត ក្នុងការរៀបចំការប្រកួត World Cup ឆ្នាំ ២០៣០ នៅប្រទេសចំនួន ៦ផ្សេងគ្នាដែលមកពីទ្វីបចំនួន៣។
បើតាមការប្រកាសដ៏ភ្ញាក់ផ្អើលពីសំណាក់ FIFA ប្រទេសអេស្ប៉ាញ, ព័រទុយហ្គាល់ និងម៉ារ៉ុក ត្រូវបានក្លាយជាប្រទេសដែលត្រូវបានជ្រើសរើសសម្រាប់ការរៀបចំព្រឹត្តិការណ៍ World Cup 2030 ខណៈដែលប្រទេសអ៊ុយរុយហ្គាយ, ប៉ារ៉ាហ្កាយ និងអាហ្សង់ទីន នឹងរៀបចំការប្រកួតបើកឆាកចំនួន ៣ប្រកួត ដើម្បីអបអរដល់ការគម្រប់ខួប ១០០ឆ្នាំ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ការសម្រេចចិត្តនេះបានរងការរិះគន់ពីសំណាក់លោក Sepp Blatter អតីតប្រធាន FIFA ដែលធ្លាប់ដឹកនាំ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៥ មុនពេលត្រូវបានដកចេញពីតំណែងក្រោយពេលមានការការស៊ើបអង្កេតលើបញ្ហាអំពើពុករលួយ។
លោក Blatter បាននិយាយថា៖ “វាជារឿងមិនទំនង ក្នុងការបំបែកការប្រកួតរបៀបនេះ។ ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ត្រូវតែជាព្រឹត្តិការណ៍ដែលធ្វើរួមនៅតំបន់តែមួយ។ សម្រាប់ហេតុផលប្រវត្តិសាស្ត្រ World Cup 2030 អាចត្រូវធ្វើឡើងនៅទ្វីបអាមេរិកខាងត្បូងតែម្តង។”
បុរសវ័យ ៨៧ឆ្នាំ ដែលធ្លាប់ជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់កីឡាបាល់ទាត់ ធ្លាប់បានរិះគន់ FIFA សម្រាប់ផ្តល់ការប្រកួតពានរង្វាន់លំដាប់ពិភពលោកក្នុងឆ្នាំ ២០២២ ទៅកាន់ប្រទេសកាតា ដោយនិយាយថាប្រទេសមជ្ឈិមបូព៌ាមួយនេះគឺតូចពេកសម្រាប់ធ្វើជាទីកន្លែងប្រកួត។
លោក Blatter បានអះអាងទៀតថា ការប្រកួត World Cup ឆ្នាំ ២០៣០ គួរតែធ្វើឡើងនៅក្នុងទ្វីបអាមេរិកខាងត្បូងតែម្តងដើម្បីគម្រប់ខួប ១០០ឆ្នាំ នៃការបង្កើតការប្រកួតបាល់ទាត់ពិភពលោកលើកដំបូង ដែលធ្វើឡើងនៅក្នុងប្រទេសអ៊ុយរុយហ្គាយ៕