×

អង់គ្លេស និង អៀរឡង់ មានភាគរយខ្ពស់ដើម្បីក្លាយជាម្ចាស់ផ្ទះ UEFA Euro 2028

ការដេញថ្លៃពីចក្រភពអង់គ្លេសនិងអៀរឡង់ ដើម្បីធ្វើជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ UEFA Euro 2028 ត្រូវបានរំពឹងថានឹងភាគរយខ្ពស់ក្នុងការទទួលបានជោគជ័យ។

ការដេញថ្លៃរបស់ប្រទេសអង់គ្លេស អៀរឡង់ខាងជើង សារធារណរដ្ឋអៀរឡង់ ស្កុតឡែន និង វែលស៍ ត្រូវបានទទួលយកដោយ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ហើយនឹងបញ្ជាក់ពីបេក្ខភាពជ័យលាភីនាពេលឆាប់ៗ នៅឯទីស្នាក់ការកណ្តាលរបស់ពួកគេនៅទីក្រុង Nyon ប្រទេសស្វីស។

ការដេញថ្លៃរួមគ្នារបស់ប្រទេសទាំងនេះមិនត្រូវបានជំទាស់ ហើយមានភាគរយខ្ពស់ក្នុងការទទួលបានផ្លែផ្កា បន្ទាប់ពីប្រទេសតួកគីបានដកខ្លួនចេញពីការប្រកួតប្រជែង ហើយផ្តោតលើការដេញថ្លៃរួមគ្នាជាមួយប្រទេសអ៊ីតាលីសម្រាប់ការធ្វើជាសហម្ចាស់ផ្ទះ UEFA Euro 2032 វិញ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ការប្រកាសពីបេក្ខភាពម្ចាស់ជ័យលាភីក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់កំពូលទ្វីបអឺរ៉ុប នៅតែទាមទារការយល់ព្រមពីគណៈកម្មាធិការប្រតិបត្តិនៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅទីក្រុង Nyon នៅថ្ងៃទី ១០ ខែតុលា។”

កីឡដ្ឋានចំនួន ១០ កន្លែង នៅទូទាំងប្រទេសទាំង៥គឺជាផ្នែកមួយនៃការដេញថ្លៃ ដែលក្នុងនោះក៏រួមមានកីឡដ្ឋាន Wembley នៅទីក្រុងឡុងដ៍ កីឡដ្ឋានជាតិ Wales ក្នុងទីក្រុង Cardiff កីឡដ្ឋាន Hampden ក្នុងទីក្រុង Glasgow កីឡដ្ឋាន Aviva ក្នុងទីក្រុង Dublin និងកីឡដ្ឋាន Casement Park របស់ទីក្រុង Belfast ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង