×

Harry Kane រំពឹងឈ្នះពានរង្វាន់ EURO 2028 នៅក្នុងប្រទេសអង់គ្លេស

Harry Kane បាននិយាយថា ខ្លួនសង្ឃឹមថានឹងស្ថិតក្នុងទម្រង់កំពូលរបស់ខ្លួនក្នុងរយៈពេល ៨ឬ ៩ឆ្នាំទៀត ហើយចង់ជួយក្រុមជម្រើសជាតិអង់គ្លេសឈ្នះជើងឯកអឺរ៉ុប នៅលើទឹកដីកំណើតរបស់ខ្លួននៅឆ្នាំ២០២៨។

អ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់អង់គ្លេសដែលនឹងមានអាយុ ៣៥ ឆ្នាំ នៅក្នុងព្រឹត្តិការណ៍ Euro 2028 បាននិយាយថា ក្តីសុបិនរបស់គេ គឺការឈ្នះពានរង្វាន់កំពូលរបស់អឺរ៉ុបនេះ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិអ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ កាលពី Euro 2020 នៅកីឡដ្ឋាន Wembley ។

ប្រធានក្រុមជម្រើសជាតិអង់គ្លេស បានបញ្ជាក់បែបនេះថា៖ “មិនត្រឹមតែនៅប្រទេសអាល្លឺម៉ង់នារដូវក្តៅឆ្នាំក្រោយទេ ប៉ុន្តែព្រឹត្តិការណ៍នៅក្នុងប្រទេសរបស់យើង ហើយការប្រកួតនៅ Wembley នឹងនាំមកនូវការចងចាំនៃព្រឹត្តិការណ៍ EURO ចុងក្រោយ។ ការឈ្នះពានរង្វាន់នេះពិតជាពិសេស ប៉ុន្តែការឈ្នះវានៅក្នុងប្រទេសកំណើតរបស់អ្នក នឹងក្លាយជាសុបិនក្លាយជាការពិត។”

សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានបញ្ជាក់ថា ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ នឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ EURO 2028 ដោយមិនមានការជំទាស់ បន្ទាប់ពីប្រទេសតួកគី បានដកខ្លួនពីការដេញថ្លៃ ប៉ុន្តែងាកទៅសហការជាមួយប្រទេសអ៊ីតាលីសម្រាប់ EURO 2032 វិញ។

អង់គ្លេស នឹងត្រូវប៉ះអូស្ត្រាលីក្នុងការប្រកួតមិត្តភាពនៅថ្ងៃសុក្រ មុននឹងប៉ះអ៊ីតាលីក្នុងវគ្គជម្រុះ EURO 2024 នៅ៤ថ្ងៃបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង