កាលពីពេលថ្មីៗនេះ Birmingham City បានប្រកាសពីការតែងតាំង Wayne Rooney ឱ្យក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេសម្រាប់រដូវកាល ២០២៣-២៤នេះ។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣៧ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបដែលស្ថិតនៅក្របខណ្ឌ Championship ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ ដោយបានមកជំនួសដំណែងលោក John Eustace ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទ បន្ទាប់ពីការដឹកនាំបានរយៈពេល ១៥ខែ។
ការតែងតាំងអតីតខ្សែប្រយុទ្ធ Everton និង Manchester United គឺជាការផ្លាស់ប្តូរអ្នកគ្រប់គ្រងលើកដំបូងដែលធ្វើឡើងដោយម្ចាស់ថ្មីរបស់ក្លិប ពោលគឺក្រុមហ៊ុន Shelby Companies Limited ចាប់តាំងពីពួកគេបានចូលកាន់កាប់ក្នុងខែកក្កដា។
Rooney នឹងត្រូវបានគាំទ្រដោយអតីតមិត្តរួមក្រុមអង់គ្លេសរបស់គាត់ និងជំនួយការជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំ លោក Ashley Cole និងមិត្តរួមក្រុមចាស់របស់គាត់ គឺលោក John O’Shea ដែលជាជំនួយការគ្រូបង្វឹកនៃក្រុមជម្រើសជាតិសាធារណៈរដ្ឋអៀរឡង់។ លោក Carl Robinson និង Pete Shuttleworth ដែលជាជំនួយការរបស់គាត់នៅក្លិប DC United ក៏នឹងក្លាយជាផ្នែកមួយនៃបុគ្គលិករបស់ Rooney ផងដែរ។
នេះជាក្លិបទី៣ សម្រាប់ Rooney ក្នុងនាមជាអ្នកចាត់ការទូទៅ បន្ទាប់ពីដឹកនាំក្លិប DC United នៅអាមេរិក និង Derby County នៅអង់គ្លេស ហើយការប្រកួតដំបូងរបស់គាត់ត្រូវប៉ះ Middlesbrough នៅថ្ងៃទី២១ ខែតុលា។
Rooney បានចូលនិវត្តន៍ពីអាជីព ហើយត្រូវបានតែងតាំងជាគ្រូបង្វឹក Derby ក្នុងខែមករា ឆ្នាំ២០២១។ គាត់បានជួយសង្គ្រោះពួកគេពីការកាត់ចេញពីក្របខណ្ឌ Championship បន្ទាប់ពីទទួលបានតួនាទីបានរយៈពេល ៤ ខែ។
ប៉ុន្តែរដូវកាលបន្ទាប់ ក្រុមត្រូវបានកាត់ ២១ពិន្ទុសម្រាប់ការបំពានច្បាប់ EFL រួមជាមួយនឹងការដាក់ទណ្ឌកម្មលើការផ្ទេរ។ Derby ត្រូវបានកាត់ទៅកាន់ក្របខណ្ឌ League One ហើយ Rooney បានចាកចេញនៅខែមិថុនា ឆ្នាំ២០២២៕