×

ការប្រកួតរវាងបែលហ្ស៊ិកជាមួយស៊ុយអែត ត្រូវបានលុបចោលក្រោយការបាញ់ប្រហារបណ្ដាលឱ្យមានអ្នកស្លា ប់

អ្នកគាំទ្របាល់ទាត់រាប់ម៉ឺននាក់ ត្រូវបានតម្រូវឱ្យរង់ចាំនៅក្នុងពហុកីឡដ្ឋានជាតិរបស់ប្រទេសបែលហ្ស៊ិករយៈពេលប្រហែល ២ម៉ោងកន្លះកាលពីថ្ងៃចន្ទ បន្ទាប់ពីការប្រកួតរវាងម្ចាស់ផ្ទះបែលហ្ស៊ិក និងស៊ុយអែត ត្រូវបានលុបចោលនៅវគ្គទីមួយ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់ជនជាតិស៊ុយអែតចំនួន២នាក់ នៅទីក្រុងប្រ៊ុចសែល មុនពេលចាប់ផ្តើមការប្រកួត។

ការប្រកួតជម្រុះ EURO 2024 បានធ្វើឡើងនៅកីឡដ្ឋានដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីការទីតាំងដែលការបាញ់ប្រហារបានកើតឡើងនៅកណ្តាលរដ្ឋធានីនៃប្រទេសបែលហ្ស៊ិកដោយមានអ្នកគាំទ្រជាង ៣៥០០០នាក់។

អាជ្ញាធរបែលហ្ស៊ិកបានណែនាំអ្នកគាំទ្រមិនឱ្យចាកចេញពីកីឡដ្ឋានដើម្បីការពារសុវត្ថិភាព មុនពេលពួកគេបានចាប់ផ្តើមការជម្លៀសនៅពាក់កណ្តាលអធ្រាត្រ ម៉ោងក្នុងស្រុក។

លោក Manu Leroy នាយកប្រតិបត្តិនៃសហព័ន្ធបាល់ទាត់បែលហ្ស៊ិក បាននិយាយថា ១០នាទីមុនពេលចាប់ផ្តើមការប្រកួត មានការបាញ់ប្រហារបានកើតឡើងនៅក្នុងទីក្រុងប្រ៊ុចសែល។

គាត់បាននិយាយថា៖ “គេត្រូវបានសម្រេចចិត្តថាការប្រកួតគួរតែបន្ត ពីព្រោះកីឡដ្ឋានគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលនោះ ដូច្នេះអ្នកគាំទ្រអាចនៅទីនេះ និងមានសុវត្ថិភាព”។

UEFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បានបញ្ជាក់ថា ការប្រកួតរវាងបែលហ្ស៊ិក ជាមួយស៊ុយអែត ត្រូវបានលុបចោល។

UEFA បាននិយាយថា៖ “បន្ទាប់ពីមានការសង្ស័យថាមានការវាយប្រហារភេរវកម្មនៅទីក្រុងប្រ៊ុចសែលនៅល្ងាចនេះ និងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រុមទាំងពីរ និងអាជ្ញាធរប៉ូលីសក្នុងតំបន់ ការប្រកួតជម្រុះ UEFA EURO 2024 រវាងបែលហ្ស៊ិក ជាមួយស៊ុយអែតត្រូវបានលុបចោល”។

នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo បានឱ្យដឹងថា ការវាយប្រហារដែលបានកើតឡើងមុនការប្រកួត មានទាក់ទងទៅនឹងអំពើភេរវកម្ម។

ក្រុមទាំងពីរ បានស្មើ ១-១ នៅវគ្គទីមួយ បន្ទាប់ពី Romelu Lukaku រកគ្រាប់តាមស្មើឱ្យបែលហ្ស៊ិក បន្ទាប់ពីគ្រាប់បាល់របស់ Viktor Gyokeres ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង