គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បាននិយាយថា ក្រុមរបស់លោកពិតជាអាចកក់កៅអីទៅកាន់ជុំចុងក្រោយពានរង្វាន់ UEFA Euro 2024 ដូចការរំពឹងទុកពិតមែន។
អង់គ្លេសជាក្រុមជើងខ្លាំង ដែលត្រូវបានគេរំពឹងទុកថា នឹងអាចឆ្លងផុតវគ្គជម្រុះ ពូល C នៃការប្រកួត UEFA Euro 2024 បន្ទាប់ពីបានទទួលលទ្ធផលល្អជាបន្តបន្ទាប់នៅក្នុងការប្រកួតកន្លងមក ហើយទីបំផុត ក្រុមតោកំណាចក៏អាចធ្វើបានសម្រេច ពីទទួលជ័យជម្នះដោយលទ្ធផល ៣-១ នៅក្នុងការប្រកួតជុំទី៦របស់ខ្លួនទៅលើក្រុមជម្រើសជាតិអ៊ីតាលី។
ជាក់ស្តែង ការប្រកួតដែលបានធ្វើឡើងនាកីឡដ្ឋាន Wembley កាលពីយប់មិញ អ៊ីតាលីជាអ្នកនាំមុខមុនដោយ Gianluca Scamacca នៅនាទី១៥ ប៉ុន្តែ Harry Kane ប្រធានក្រុមតោកំណាច បានស៊ុតបាល់ពិន័យ១១ម៉ែត្រ តាមស្មើវិញក្នុងនាទី៣២ មុនចប់វគ្គទី១។
នៅវគ្គទី២ ក្រុមភ្ញៀវ អ៊ីតាលី មិនអាចរកគ្រាប់បាល់បានទេ ខណៈក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់ទៀត ដោយ Marcus Rashford នៅនាទី ៥៧ និង Harry Kane ដដែលនៅនាទី៧៧ ដើម្បីធានាជ័យជម្នះឱ្យក្រុមអង់គ្លេស។
អង់គ្លេសមាន១៦ពិន្ទុ ក្រោយឆ្លងកាត់៦ប្រកួតក្នុងពូល C ពីលើក្រុមលេខ២ អ៊ុយក្រែនដែលលេង៧ប្រកួតចំនួន៣ពិន្ទុ និងពីលើក្រុមលេខ៣ អ៊ីតាលី ចំនួន៦ពិន្ទុ ខណៈការប្រកួតនៅសល់តែ២ដងទៀត ដែលនេះបានធានាកៅអីសម្រាប់ក្រុមអង់គ្លេសរួចជាស្រេច។
ជាមួយនឹងជោគជ័យនេះ អង់គ្លេសត្រូវបានរំពឹងថា ក៏នឹងកា្លយជាក្រុមដែលធ្វើបានល្អជាងគេ នៅក្នុងជុំចុងក្រោយ ខណៈគ្រូបង្វឹកលោក Gareth Southgate បានអះអាងថា ក្រុមខ្លួននឹងព្យាយាមជាងពេលកន្លងមក។
គ្រូបង្វឹកវ័យ ៥៣ឆ្នាំ បានឱ្យដឹងដូច្នេះថា៖ “យើងទទួលយកការរំពឹងទុក ការពិតគឺយើងជាក្រុមមួយក្នុងចំណោមក្រុមដែលមានសមត្ថភាពឈ្នះការប្រកួត។ យើងពេញចិត្តនឹងរឿងនោះ។ យើងកំពុងដាក់គោលដៅធ្វើឱ្យបានល្អជាងពេលកន្លងមក។ យើងជាក្រុមដែលកីឡាករមានបទពិសោធ និង សមត្ថភាពខ្ពស់។ យើងពិតជាអាចធ្វើសម្រេចនូវគ្រប់ការប្រកួតជាបន្តរបស់យើងទៀត។”
សម្រាប់ការប្រកួតជាបន្តទៀត អង់គ្លេសនឹងត្រូវប៉ះក្រុមម៉ាល់តា ដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខ នាកីឡដ្ឋាន Wembley ដដែល៕