×

ខ្សែបម្រើ Nicolo Fagioli របស់ Juventus ត្រូវជាប់បម្រាមដោយសារពាក់ព័ន្ធល្បែងភ្នាល់

សហព័ន្ធបាល់ទាត់អ៊ីតាលី FIGC បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែបម្រើ Nicolo Fagioli របស់ Juventus ត្រូវបានដាក់បម្រាម បន្ទាប់ពីរូបគេត្រូវបានរកឃើញថា បានបំពានច្បាប់ និងពាក់ព័ន្ធការភ្នាល់ទៅលើលទ្ធផលនៃការប្រកួត។

កីឡាករវ័យ២២ឆ្នាំ ត្រូវបានផ្តល់ការហាមឃាត់រយៈពេល ១២ ខែដែលក្នុងនោះ ៥ ខែត្រូវបានផ្អាក និងត្រូវពិន័យជាទឹកប្រាក់ចំនួន ១២៥០០០ អឺរ៉ូ ផងដែរ។ សម្រាប់សាមីកីឡាករ ក៏បានយល់ព្រមចំពោះទណ្ឌកម្ម ហើយរូបគេត្រូវចូលរួមកម្មវិធីដោះស្រាយបញ្ហាញៀនល្បែងស៊ីសងផងដែរ។

Nicolo Fagioli ត្រូវបានដាក់អោយស្ថិតនៅក្រោមការស៊ើបអង្កេតដោយព្រះរាជអាជ្ញានៅទីក្រុង Turin ពីបទភ្នាល់នៅលើគេហទំព័រខុសច្បាប់។

នៅក្រោមច្បាប់របស់ FIGC កីឡាករបាល់ទាត់អាជីពរូបណាដែលត្រូវបានរកឃើញថា បានពាក់ព័ន្ធល្បែងភ្នាល់លើការប្រកួតបាល់ទាត់ នោះកីឡាករអាចត្រូវបានហាមឃាត់យ៉ាងហោចណាស់ ៣ ឆ្នាំ ប៉ុន្តែចំពោះ Fagioli ត្រូវបានសម្រាលទោស បន្ទាប់ពីរូបគេបានសារភាពកំហុសរបស់ខ្លួនចំពោះអាជ្ញាធរ។

ជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម Nicolo Fagioli នឹងត្រូវនិយាយអំពីបទពិសោធរបស់ខ្លួនយ៉ាងហោចណាស់ ១០ វគ្គជាមួយអង្គការកីឡាស្ម័គ្រចិត្ត និងជាមួយក្រុមដែលជួយអ្នកញៀនល្បែងស៊ីសងផងដែរ។

Fagioli បានបង្ហាញខ្លួនមួយដងឱ្យក្រុមជម្រើសជាតិអ៊ីតាលី ប៉ុន្តែរូបគេមិនមានឈ្មោះនៅក្នុងក្រុមសម្រាប់ការប្រកួតអន្តរជាតិនាពេលបច្ចុប្បន្ននោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង